រដ្ឋសភា អនុម័ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ​ចំនួន​បី

342

ភ្នំពេញ ៖ ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៦ នៅថ្ងៃនេះ​ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត ជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់ ​ស្តីពី​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម នៅក្នុង​ខេត្ត​ចំនួន​បី​។

សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែមីនា នេះ ក្រោម​អធិបតី ភាព​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​តំណាងរាស្ត្រ ​សមាជិក​-​សមា​ជិ កា សរុប​ចំនួន​១០៧​រូប​ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ ចំនួន​បី ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ ស្ថានីយ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ​ដែល​មាន​កម្លាំង​ជាង​១​ពាន់​ម៉េ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកោះកុង ឧ​ត្ត​រ​មានជ័យ ​និង​ខេត្តសៀមរាប​។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងថា ​វិស័យ​ថាមពល ​ត្រូវបាន​អភិវឌ្ឍ ក្នុង​សន្ទុះ​យ៉ាង​លឿន ​និង​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ជា​ស្នូល ​ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍ ​ក្នុងនោះ តម្រូវ ការ​អគ្គិសនី បន្ត​ស្ថិត​ក្នុង​អត្រាកំណើន​ខ្ពស់​ ដើរ​ស្របទៅនឹង​ចក្ខុវិស័យ​មហិច្ឆតា របស់​រាជរដ្ឋាភិបាល ក្នុង ការជំរុញ​ការផ្គត់ផ្គង់​អគ្គិសនី ​ឱ្យបាន​គ្របដណ្តប់​គ្រប់​ភូមិ ​នៅ​ឆ្នាំ​២០២០ ដោយ​តម្លៃ​សមរម្យ និង​ឯកភាព ទូទាំងប្រទេស​។

សេចក្តីព្រាងច្បាប់ ចំនួន​បី​នោះ រួមមាន ទី​១ សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការ ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​ម៉ិ​ន គ្រុប ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត កោះកុង​។ ទី​២ ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ សាងសង់​រោងចក្រ​អគ្គិសនី​ដុត ធ្យូងថ្ម អានុភាព​២៦៥​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទី​៣ ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់ គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង​២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​។

ក្នុងចំណោម​ក្រុមហ៊ុន​ឯកជន​ទាំងបី​នេះ ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​ នឹង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ជាង​១០០​លាន​ដុល្លារ និង​ក្រុមហ៊ុន​ហាន សេង ខូ​ល ម៉ាញ ​មាន​ទុនវិ​និយោគ​ប្រមាណ​៦១​លាន​ដុល្លារ​។​

ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា​ គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុជា ​មាន​ទំនប់​វា​រី​អគ្គិសនី ចំនួន​៧ ផ្តល់​ថាមពល​ចំនួន​ជាង​មួយ​ពាន់​បី​រយ​មេ​ហ្កា​វ៉ា​ត់ ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ​ចំនួន​ពីរ ផ្តល់​ថាមពល ចំនួន​៦៤០​មេ​ហ្គា​វ៉ា​ត់ រោងចក្រ​អគ្គិសនី ​ដើរ​ដោយ​ចំហេះ​ប្រេង​ខ្មៅ​ ចំនួន​២៧៤​មេ​ហ្កា​វ៉ា​ត់ រោងចក្រ​អគ្គិ ស​នី ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ចំនួន​ពីរ មាន​៩០​មេ​ហ្កា​វ៉ា​ត់​ និង​អគ្គិសនី​ដើរ​ដោយ​ជីវឧស្ម័ន មាន ៥៦ មេ​ហ្កា​វ៉ា​ត់​៕