អគ្គលេខាធិការ​កាកបាទ​ក្រហម​ ណែនាំ​មន្ត្រី​សាខា​ទាំងអស់​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ប្រឆាំង​កូ​វីដ​-១៩

76

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ក្រើនរំលឹក​ទៅកាន់​មន្ត្រី​សាខា​កាកបាទក្រហម​រាជធានី ខេត្ត​ទាំង​២៥ ត្រូវ​យកចិត្តទុកដាក់​អោយ​មែនទែន ប្រឹងប្រែង​ធ្វើ​សកម្មភាព​អប់រំ​ទៅកាន់​សហគមន៍​ប្រជាពលរដ្ឋ​អំពី​វិធាន​អនាម័យ​ដើម្បី​យើង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​។​

លោកជំទាវ អគ្គលេខាធិការ ​បានធ្វើ​ការណែនាំ​បែបនេះ ខណៈ​អញ្ជើញ​មន្ត្រី​មកពី​សាខា​កាកបាទក្រហម​រាជធានី ខេត្ត​ទាំងអស់​មក​ទទួល​អាល់កុល​និង​សម្ភារៈ បរិក្ខារ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ​នា​ព្រឹក​ថ្ងៃទី​២៦​ មីនា​ ដើម្បី​យើង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​។​

​​​លោកជំទាវ បានបញ្ជាក់​ពី​ការណែនាំ​របស់​កាកបាទ​ក្រហម​ក​ម្ដុ​ជា​ដល់​សាខា​ទាំងអស់​អោយ​បន្ត​យកចិត្តទុកដាក់​ចំពោះ​វិធានការ​ការពារ នៃ​ការឆ្លង​រាតត្បាត​មេរោគ ដ៏​កាច​សាហាវ​កូ​វីដ​១៩ នៅតាម​សហគមន៍​ជាមួយ​មន្ទីរ​សុខាភិបាល​អោយបាន​សកម្ម ផុលផុស​និង​បានបង្ហាញ​ពី​កិច្ចការ​អាទិភាព​សម្រាប់​ប្រតិបត្តិការ​នេះ​។​

​​លោកជំទាវ​បញ្ជាក់​ថា អំណោយ​ជា​ម៉ាស គឺ សម្រាប់​ប្រើប្រាស់​នៅពេល​ប្រតិបត្តិការ ជួរមុខ រីឯ អាល់កុល ដែល​ចែកជូន​ទៅតាម​សាខា​នេះ​ធ្វើ​យ៉ាងណា​ប្រើប្រាស់​ឱ្យចំ​គោលដៅ​។ ប៉ូ​ស្ទើ និង​សាប៊ូ គឺ​សំដៅ​ទៅតាម​ខ្នង​ផ្ទះ​ហើយ រាល់​កិច្ច​ការអប់រំ​នានា​ត្រូវអនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

ជាទី​បញ្ចប់​លោកជំទាវ​បានស្នើ​សុំ​ឲ្យ​មានការ​លើកកម្ពស់​ការ​ចេះដឹង​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែម ទៀត ទៅនឹង​អ្វី​ដែលជា​សារ​អប់រំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប អោយបាន​សក្តិ​សមជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

ទោះជា​យ៉ាងណាក៏ដោយ​ថ្វី​ត្បិត​សាលារៀន​ត្រូវបាន​បិទ ប៉ុន្តែ​ លោកជំទាវ​ថា​នៅតែមាន យុវជន ជាច្រើន​នៅតែមាន​ឆ​ន្ទះ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ យ៉ាងណាមិញ​ដូចជា​យុវជន​គ្រូពេទ្យ​សម្តេច​តេ​ជោ​ជាដើម​ គឺ​មិនមែនជា​ការបង្ខិតបង្ខំ​ទេ តែ​ជាការ​ស្ម័គ្រចិត្ត​របស់​ពួកគាត់ ហើយ​លោកជំទាវ​ក៏​សំណូមពរ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ប្រុងប្រយ័ត្ន និង ផ្លាស់ប្ដូរ​ឥរិយាបថ​រួមគ្នា​រក្សា​នូវ​វិធាន​អនាម័យ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង សុខាភិបាល​៕​