សប្បុរសជន​នាំ​អាល់កុល​១​ម៉ឺន​លីត្រ ​និង​សម្ភារៈ​មួយ​ចំនួន​ ចូលរួម​ទប់ស្កាត់​មេរោគ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩

111

ភ្នំពេញ៖ តាមរយៈ​កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​នា​ព្រឹក​ថ្ងៃទី​២៦ ​មីនា​នេះ លោក លី បាក់​ឡេង ប្រធាន​ក្រុមហ៊ុន GALAXY RESORT CLUB CO-LTD បាន​នាំយក​អាល់កុល​១​ម៉ឺន​លីត្រ​ទៅ​ប្រគល់​ជូន​កាកបាទក្រហមកម្ពុជា ដែលមាន​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ជា​តំណាង​សម្រាប់​ចាត់ចែង​ទៅតាម​សាខា​រាជធានី ខេត្ត អោយ​យកទៅ​ប្រើប្រាស់​ដើម្បី​ចូលរួម​ទប់ស្កាត់​មេរោគ​ដ៏​កាច​សហាវ កូ​វីដ​១៩​។​

លោកជំទាវ ពុំ ចន្ទី​នី ជំនួយ​មុខ​អោយ​សម្តេច​ប្រ​ធាន​កាកបាទ ក្រហម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ របស់​សប្បុរសជន​ក្រុមហ៊ុន GALAXY RESORT CLUB ដែល​បាន​នាំ​អាល់កុល​១​ម៉ឺន​លីត្រ​ជួយ តាមរយៈ​កាកបាទក្រហមកម្ពុជា​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​។​

​​សកម្មភាព​នៃ​ការចូលរួម​ជា​បន្ត​បន្ទាប់ពី​សំណាក់​សប្បុរស​ជនជាតិ​និង​អន្តរជាតិ​ដែល​បាន​បរិច្ចាក​ធនធាន​ផ្ទាល់ខ្លួន​នាំ មក​នូវ​អំណោយ​ជូន​តាម​រយៈកាកបាទក្រហម​ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ​គឺជា​កាយវិការ​ដ៏​ប្រពៃ​ថ្លៃថ្លា​បំផុត​តាម វប្បធម៌​ចែក​រម្លែក​របស់​សប្បុរស​ជន​ជាតិ អន្តរជាតិ​ដើម្បី រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​ជាពិសេស​ក្នុង​ស្ថានភាព​ដែល​ប្រទេស​កំពុង​ជួប​នូវ​វិបត្តិ​នៃ​ការ ឆ្លង រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩៕​