ផ្សារ​ទំនើប​ក្នុងស្រុក​មួយ​អះអាង​ថា ទទួល​លក់​តែ​ទំនិញ​ខ្មែរ​

51

ភ្នំពេញ៖ លោក​តំណាង​ឲ្យ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា បាន​ប្រកាសថា សម្រាប់​ការ​ផ្គត់ផ្គង់​លក់ទំនិញ​នានា​ក្នុង​ផ្សារ គឺ​សូម​គាំទ្រ​លក់​តែ​ផលិតផល​របស់​ប្រជាកសិករ​ខ្មែរ ក្នុង​នោះ​បើ​ទោះជា​គ្មាន​ផលិតផល​ក៏ដោយ ក៏​ផ្សារ​ទំនើប​មួយ​នេះ មិន​ទៅយក​ផលិត​មិន​ច្បាស់លាស់ ឬ​ផលិតផល​ពី​ផ្សារ (​ផ្សារ​ដើម​គរ​,​ផ្សារ​នាគ​មាស​) ដោយ​ប្រកាន់​គោលជំហរ​ថា សុខចិត្ត​គ្មាន​លិ​ត​ផល​លក់ គ្រាន់បើ​ជាង​លក់​ផលិតផល​គ្មាន​ប្រភព​ច្បាស់លាស់​។​

​​លោក សម វិទូ អ្នកគ្រប់គ្រង​បច្ចេកទេស​កសិកម្ម និង​ត្រួតពិនិត្យ​ផលិតផល នៃ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា កាលពី​ថ្ងៃទី​២៥ មីនា កន្លងទៅនេះ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា ក្រោយ​បើក​ដំណើរការ​សាកល្បង​ជិត​១​ខែ​កន្លង​មកនេះ គឺ​ទទួល​បាន​ការ​ពេញចិត្ត​ជាខ្លាំង ពី​សំណាក់​អតិថិជន​ក្នុងស្រុក ដោយសារ​រាល់​ផលិតផល​ដាក់​លក់ ដូចជា បន្លែ ត្រី​សាច់ និង​ផ្លែឈើ​ជាដើម សុទ្ធ​សឹង​ជា​ផលិត​ធម្មជាតិ និង​ទាក់ទង​ផ្ទាល់​ពី​បងប្អូន​ប្រជាកសិករ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១៨​។​

​​អ្នកគ្រប់គ្រង​រូប​នេះ បាន​ឱ្យដឹង​ទៀតថា បច្ចុប្បន្ន​ផ្សារ​មាន​លក់​ផលិតផល​ធម្មជាតិ​សរុប​ប្រមាណ​ជាង ៣០០​មុខ​ដែល​បាន​ដាក់​លក់​ក្នុងពេល​បច្ចុប្បន្ន គ្រប់​ផលិតផល​ទាំងនេះ​សុទ្ធតែ​មានការ​ធ្វើតេស្ត​ជា​មុនសិន ដោយ​បញ្ជាក់​ថា ​គ្មាន​ជាតិគីមី ទើប​អាច​យក​មក​ដាក់លក់​ក្នុង​ផ្សារ​បាន​។ សូម​បញ្ជាក់ថា ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា គឺ​មាន​ទីតាំង​ស្ថិតនៅ​ខាងជើង នៃ​ផ្សារ​ទំនើប​អូឡាំព្យ៉ា រាជធានី​ភ្នំពេញ​៕​