រដ្ឋបាល​រាជធានី​សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង និង​សេវា​កាណូត ដើម្បី​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩

292

ភ្នំពេញ៖ ដើម្បី​ចូលរួម​ការទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ជូនដំណឹង ផ្អាក​ការ​ផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្ដោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ ដែលជា​អ្នកប្រើប្រាស់​សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ ទាំងអស់ អំពី​ការសម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្ដោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។​

សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យដឹងថា បច្ចុប្បន្ន មេរោគ​កូ​វីដ ១៩ កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ហើយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ក្រសួងសុខាភិបាល ​បាន​រកឃើញ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ ១៩ មួយចំនួន ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ចាត់វិធានការ​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ នេះ​ផងដែរ​។

ដូចនេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់ ការចម្លង និង​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ស្ថានការណ៍​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) បាន​ធូរស្បើយ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តីសង្ឃឹម​ទុកជាមុន​ថា សាធារណជន និង​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) យោគយល់​អធ្យាស្រ័យ និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩ (Covid-19) នេះ​ទាំងអស់គ្នា​៕​