អង្គការ​អ៊ី​ន​ស្តេត និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​បាន​បង្កើត​គេហទំព័រ​ផែនទី​ទិន្នន័យ​ផ្ទុះ​ជំងឺ COVID-19

1137

ភ្នំពេញ៖ អង្គការ​អ៊ី​ន​ស្តេត និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល បាន​សហការ​គ្នា​បង្កើត គេហទំព័រ​ផែនទី​ទិន្នន័យ​ផ្ទុះ​ជំងឺឆ្លង​កូ​វីត​១៩ ដែល​កើតឡើង​នៅ​កម្ពុជា​។ គេហទំព័រ​នេះ បង្ហាញ​ទិន្នន័យ​ទាក់ទង​នឹង​ករណី​ជំងឺឆ្លង​នៅ​លើ​ផែនទី​នៅតាម​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។​

ជា​ការ​ផ្ដល់​ព័ត៌មាន​ប​ន្ថែ​ម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា អង្គការ​អ៊ី​ន​ស្តេត និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​សហការគ្នា​បង្កើត​គេហទំព័រ​ផែនទី​ទិន្នន័យ​ផ្ទុះ​ជំងឺឆ្លង​កូ​វីត​១៩ ដោយមាន​ការ​បង្ហាញ​ទិន្នន័យ​ទាក់ទង​នឹង​ករណី​ជំងឺឆ្លង​នៅលើ​ផែនទី​នៅតាម​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។

គេហទំព័រ​នេះ​ផ្ដល់​ទិន្នន័យ​ដែល​គួរអោយ​ទុកចិត្ត​មួយ​សម្រាប់​ប្រជាជន​គ្រប់រូប ព្រោះ​រាល់​ទិន្នន័យ ដែល​ដាក់បញ្ចូល​ក្នុង​គេហទំព័រ​ទាំងអស់​គឺ​ដកស្រង់​ចេញពី​ទិន្នន័យ​របស់​នាយកដ្ឋាន CDC ដោយផ្ទាល់ ហើយ​នេះ​គឺ ដើម្បី​ធានាបាន​ថា​ពត៌មាន​ទាំង​ប៉ុន្មាន​ដែល​ផ្សាយ​ចេញទៅ​គឺអាច​យកជាការបាន​។​

គោលបំណង ​នៃ​ការបង្កើត​គេហទំព័រ​នេះ​ឡើង ​គឺ​ដើម្បី​ផ្តល់​ទិន្នន័យ​ទាន់​ហេតុការណ៍​នៅលើ​ផែនទី​ដើម្បី​សម្រួល ក៏ដូចជា​ធ្វើ​អោយ​ប្រសើរឡើង ​នៃ​ការ​ផ្តល់ព័ត៌មាន និង​ទំនាក់ទំនង​រវាង​ទិន្នន័យ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ប្រជាជន ដើម្បី​អាចអោយ​ប្រជាជន​អាច​ទទួលបាន​ទិន្នន័យ​ទុកចិត្ត និង​ងាយស្រួល​ក្នុង​ការយល់​ពី​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នីមួយៗ​។​

នៅក្នុង​គេហទំព័រ​នោះ​ផងដែរ ពត៌មាន​ចាំបាច់​សម្រាប់​បង្ហាញ​ដល់​អ្នកប្រើប្រាស់​នោះ​គឺ ចំនួន​ករណី​កើតមាន​កូ​វីត​១៩ ហើយ​ពិសេស​នោះ​គឺ​ការកំណត់​ទីតាំង​នៅលើ​ផែនទី​ប្រទេស​អម​ជាមួយ​ចំនួន​ករណី​នៅ​តំបន់​នោះ​ផង​ដែរ​។ ក្រៅពីនោះ​ទៀត​គេហទំព័រ​ក៏មាន​ជា​វីដេអូ​អបរំ​មួយចំនួន​ទាក់ទង​នឹង​ជំងឺ​នេះ​ផងដែរ​។

គួរ​បញ្ជាក់​ផងដែរ​ថា នេះ​មិន​មែនជា​លើកទីមួយ​ឡើយ​ដែល បានធ្វើ​ការសហការ​ជាមួយ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក្រសួងសុខាភិបាល​។ កន្លងមក​អង្គការ​អ៊ី​ន​ស្តេត​បានធ្វើការ​ទៅលើ​គម្រោង​ជាច្រើន​ជាមួយ​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ឆ្លង​។ មួយ​ក្នុងចំណោម​គម្រោង​នោះ​គឺ​គម្រោង​លេខ​ទូរស័ព្ទ​ទាន់​ហេតុ​ការ​ណ៏ ១១៥​៕