ក្រសួងយុត្តិធម៌​៖ នឹង​អនុវត្ត​ច្បាប់​ករណី​ជន​រឹងរូស​មិន​ព្រម​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​ទប់ស្កាត់​ឆ្លង COVID-19

972

ភ្នំពេញ៖ នៅ​ពេល​កម្ពុជា បាន​និង​កំពុង​ជួប​ប្រឈម​នឹង​បញ្ហា​ការ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​COVID-19 ក្រសួងសុខាភិបាល បាន​ប្រកាស​អោយ​គ្រប់​មនុស្ស​សង្ស័យ ​ដែល​ស្ថិត​ក្នុង​ការតាមដានរ​ក​មេរោគ​ឆ្លង​COVID-19 ត្រូវ​រស់នៅ​ដាច់ដោយឡែក នៅ​ក្នុង​នៅ​មន្ទីរពេទ្យ សហគមន៍ និង​នៅក្នុង​ក្រុមគ្រួសារ​ជាដើម​។

សម្រាប់​បញ្ហា​នេះ បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ដែរថា វា​ជា​រឿង​ខុសច្បាប់ ប្រសិនបើ​ជន​ណា​ប្រើប្រាស់​សិទ្ធ​សេរីភាព​របស់ខ្លួន​ហូ​សហេតុ ហើយ​មាន​ភាព​រឹងរូស​មិន​ព្រម​នៅ​ដាច់ដោយឡែក ហើយ​ដើរហើរ​ដោយ​សេរី​បង្ក​ការងាយ​ចំលងជំងឺ​នោះ​ទៅកាន់​អ្នកដទៃ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួងយុត្តិធម៌​» ដែល​រៀបចំ​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្ងៃទី​២៦ ខែមីនា​នេះ ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា បើ​យោងតាម​គោលការណ៍​ច្បាប់ និង​លទ្ធិភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ករណី​បង្ខាំង​មនុស្ស​សង្ស័យ តាមដាន​រក​មេរោគ​COVID-19​រយៈពេល​១៤​ថ្ងៃនោះ វា​មិនមែន​ជាការ​ត្បិត​សិទ្ធ​សេរីភាព​របស់​មនុស្ស​ទេ ប៉ុន្តែ​បើ​អាជ្ញា​ធរមាន​វិធានការ​អប់រំ​ណែនាំ ហើយ​បុគ្គល​នៅតែ​រឹងរូស មិន​ស្តាប់​តាម​កា​ណែនាំ​របស់​អាជ្ញាធរ គឺ​គេ​នឹង​អនុវត្ត​វិធានការ​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​។​

ឯកឧត្តម បញ្ជាក់ថា បន្ថែម​លើ​នេះ ប្រសិនបើ​កម្ពុជា ដាក់​ប្រទេស​នៅក្នុង​គ្រាអាសន្ន នោះ​ការអនុវត្ត​ច្បាប់​នេះ នឹង​រឹតតែ​មាន​ភាព​តឹងរឹង​ខ្លាំង​ជាងនេះទៀត​។​

ឯកឧត្តម ជិន ម៉ា​លីន បន្តថា ដោយឡែក សម្រាប់​ជន​ដែល​ផលិត​ថត​Video​បង្ហោះ​ផ្សាយ​ក្នុងន័យ​អប់រំ​បង្ការ​ទប់ស្កាត់​ជំងឺ​COVID-19 គឺជា​ការអនុវត្ត​សិទ្ធ​សេរី​ដែល​ធនា​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែ​សម្រាប់​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​ក្នុងន័យ​ចេតនា​ទុច្ចរិត បំ​ភ្លើ​ស​ការពិត​ដែល​ប៉ះពាល​ដល់​សន្តិសុខ​ជាតិ គឺជា​ការ​ព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ ហើយ​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។​

សូមបញ្ជាក់ថា គិត​មកដល់​ថ្ងៃទី​២៦ ខែមីនា​នេះ កម្ពុជា រកឃើញ​អ្នក​ផ្ទុកមេរោគ​ឆ្លង​COVID-19 ចំនួន​៩៦​ករណី ហើយដោយ​មានការ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន និង ព្យាបាល​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ខ្មែរ ធ្វើអោយ​អ្នកជំងឺ​COVID-19 ចំនួន​១០​នាក់​បាន​ព្យាបាល​អោយ​ជាសះស្បើយ ហើយ​អ្នកជំងឺ​ផ្សេងៗ​ទៀត គឺ​បាននិងកំពុង​ស្ថិតក្នុង​ស្ថានភាព​ធូរស្រាល​ជា​បន្តបន្ទាប់​ផងដែរ​៕​