ប្រទេស​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​រាយ​ការណ៍​អំពី​ករណី​ឆ្លង​​ COVID-19​ បន្ថែម​ទៀត ខណៈ​នៅ​​ថៃ​មាន​ករណី​ឆ្លង​ ​១១១​នាក់​ក្នុង​មួយ​ថ្ងៃ​

42

អាស៊ី​ប៉ាស៊ីហ្វិក​៖ ករណី​ឆ្លង​ជំងឺ​ COVID-19​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​បន្ត​កើន​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ខណៈ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ​ ​១១១​នាក់​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​។​ ប្រទេស​ថៃ​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ COVID-19 ​ចំនួន​ ១១១​នាក់​ផ្សេងទៀត​ ដែល​នាំ​ឱ្យ​ចំនួន​សរុប​កើន​ដល់ ​១.០៤៥​នាក់​ និង​ស្លាប់​ចំនួន​ ៤​នាក់​។

ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន​ ១០៤​នាក់​បន្ថែម​ទៀត បើ​ប្រៀប​ធៀប​ទៅ​នឹង ​២៤​ម៉ោង​មុន គិត​ត្រឹម​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុងស្រុក ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ៩.២៤១​នាក់ ​និង​អ្នក​ស្លាប់​មាន ​១៣១​នាក់​។​ ក្រសួង​សុខាភិបាល ​និង​រដ្ឋាភិបាល​ក្នុង​តំបន់​របស់​ប្រទេស​ជប៉ុន​បាន​និយាយ​ថា ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19 ចំនួន ​៤៧​នាក់​ត្រូវ​បាន​បញ្ជាក់​នៅ​ទីក្រុង​តូ​ក្យូ​ ដែល​ជា​កំណត់ត្រា​ថ្មី​មួយ​នៃ​ការ​ឆ្លង​ប្រចាំថ្ងៃ​​ក្នុង​រដ្ឋធានី​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​ឆ្លង​នៅ​ក្នុង​ប្រទេស​ជប៉ុន​កើន​ដល់ ​១,៣៧៣​នាក់​គិត​ត្រឹម​ម៉ោង ​៦៖៣០​នាទី​ម៉ោង​ក្នុងស្រុក​។​ ក្រសួង​សុខាភិបាល​សហ​ព័ន្ធ​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19​​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​កើន​ឡើង​ដល់ ​១៣​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ចំនួន​ ៦៤៩​នាក់​ត្រូវ​បាន​រាយការណ៍​មក​ទល់​ពេល​នេះ​។​ ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ចំនួន​ ៧១​នាក់​បន្ថែម​ទៀត​ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ ​COVID-19​ ដែល​ធ្វើ​អោយ​ចំនួន​ករណី​សរុប​កើន​ឡើង​ដល់​ ៧០៧​នាក់ ​និង​អ្នក​ស្លាប់​មាន ​៤៥​នាក់។

ក្រសួង​សុខាភិបាល​ប្រទេស​វៀតណាម ​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​ COVID-19 ចំនួន​ ៧​ករណី​បន្ថែម​ទៀត​ ​ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​នៅ​ក្នុង​ប្រទេស​នេះ​កើន​ដល់ ​១៤៨​នាក់​។​ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ ​COVID​-19 នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើង​ពី ​៨​នាក់​ទៅ ​១៣​នាក់​ក្នុង​មួយថ្ងៃ​។ ​មនុស្ស​ចំនួន ២,៩៩៧​នាក់​ត្រូវ​បាន​បញ្ជាក់​​ថា ​បាន​ឆ្លង​ជំងឺ​ COVID-19​ នៅ​ប្រទេស​អូស្ត្រាលី​។​ លោក​ Phouthone Moungpak ​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ​ប្រទេស​ឡាវ​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន​ ៣​បន្ថែម​ទៀត​ ដែល​នាំ​ឲ្យ​ចំនួន​សរុប​កើន​ឡើង​ដល់ ​៦​នាក់​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ​អ្នកជំងឺ​វិជ្ជមាន​ចំនួន​ ៣​នាក់​បន្ថែម​ទៀតបានជា​សះស្បើយ​ឡើងវិញ​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ​ ដែល​នាំ​ឱ្យ​ចំនួន​អ្នកជាសះស្បើយ​សរុប​របស់​ប្រទេស​នេះ​កើន​ដល់​ ៥​នាក់​។​ ខណៈ​អ្នក​ឆ្លង​មាន​ចំនួន ​១៣​នាក់។ ​

ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​មនុស្ស​សរុប​ចំនួន​ ២៣​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ប្រទេស​ម៉ាឡេស៊ី​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន ​២៣៥​នាក់​កើន​ឡើង​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ ដែល​នាំ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ​២.០៣១​នាក់​។​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ ​COVID-19 ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ដល់ ​៧៨​នាក់​ហើយ ​គិត​ត្រឹម​វេលា​ថ្ងៃត្រង់ម៉ោង​ក្នុងស្រុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​នោះ​មនុស្ស​ចំនួន​ ៨៩៣​នាក់ត្រូវ​បាន​បញ្ជាក់​ថាបាន​ឆ្លង​ជំងឺ នៅ​ក្នុង​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ ហើយ​អ្នកជំងឺ​ ៣៥​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​។​ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​៕

អត្ថបទ៖ សុខ​មាន