ក្លឹប​អង្គ​រថា​យ​ហ្គឺ​ក្រើន​រំឭក​ឲ្យ​កីឡាករ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ពី​ជំងឺ​ COVID-19​

25

បាល់ទាត់៖ លោក អ៊ុំ ករុណា លេខាធិការ​ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ដែល​ជា​សមាជិក​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​និយាយ​ថា នៅ​ក្នុង​ស្ថានភាព​មិន​មាន​ការ​ហ្វឹក​ហាត់ និង​មិន​មាន​ការប្រកួត​នានា គឺ​ក្លឹប​តែងតែ​ដាស់តឿន​កីឡាករ​ខ្មែរ និង​បរទេសក្នុង​ក្លឹប​ទាំងអស់​ត្រូវ​ហាត់​ដោយ​ខ្លួនឯង​នៅ​តាម​ផ្ទះ ឬ​ធ្វើ​លំ​ហាត់​កាយសម្បទា​ដោយ​ខ្លួនឯង​ជាប្រចាំ​។

ដើម្បី​ចូលរួម​ទប់ស្កាត់ COVID-19 ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​យោង​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ម្សិលមិញ ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​បាន​ណែនាំ​បន្ថែម​ ដល់​កីឡាករ​នានា​កុំ​ឲ្យ​ចេញ​ពី​ផ្ទះបើ​មិន​ចាំ​បាច់ ដោយ​ត្រូវ​ថែរក្សា​អនាម័យ​ជាប្រចាំ ហើយ​ប្រសិនបើ​ចេញ​ពី​ផ្ទះក្នុង​ករណី​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់ មាន​អាល់កុល ឬ​ជែល​លាង​សម្អាត​ដៃ​គ្រប់ពេលវេលា ដើម្បី​បង្ការ​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ​។​ សូម​រំឭក​ថា ក្លឹប​កីឡាបាល់ទាត់​អង្គ​រថា​យ​ហ្គឺ មាន​មូលដ្ឋាន​នៅ​ទី​រួម​ខេត្ត​សៀមរាប ដែល​ជា​កន្លែង​រង​ផល​ប៉ះ COVID19 ដែល​កើត​លើ​ជន​ជាតិ​ខ្មែរ​ម្នាក់​មុនគេ ដែល​ស្និទ្ធស្នាល​ជា​មួយ​ជនជាតិ​ជប៉ុន​ដែល​ផ្ទុក COVID-19​។ ការសិក្សា​របស់​សិស្សានុសិស្ស​គ្រប់​កម្រិត​ទាំងអស់​ នៅ​ទីក្រុង​សៀម​រាប​ត្រូវ​បាន​បិទទ្វារ​មុនគេ ហើយ​ការប្រកួត​របស់​ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ដែល​ត្រូវ​លេង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​លើក​យក​មក​ប្រកួត​នៅ​ទឹកដី​ភ្នំពេញ​ក្រោ​ន​នៅ​រាជធានី​ភ្នំពេញ​វិញ​។​ ឆ្លងកាត់ ​៥​ប្រកួត​កន្លងមកដែល​សម្រាក​ការប្រកួត​ត្រឹម​ ៥​ប្រកួត​បណ្ដោះអាសន្ន​នេះគឺ​អង្គ​រថា​យ​ហ្គឺ​រ​ឈ្នះ​២ ស្មើ​២ និង​ចាញ់ ​១​ប្រកួតមាន​ ៨​ពិន្ទុ​ឈរ​នៅ​លេខ​៤​ បណ្ដោះអាសន្ន ក្នុងចំណោម​ ១៣​ក្រុម​នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល ២០២០៕