កីឡដ្ឋាន​ស្ដា​ត​ចាស់​គ្រោង​ប្ដូរ​ស្មៅ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នា​ឆ្នាំក្រោយ

29

បាល់ទាត់៖ ថ្នាក់ដឹកនាំ​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ បាន​បង្ហើប​នូវ​គម្រោង​ត្រៀម​ផ្លាស់ប្ដូរ​ស្មៅ​ថ្មី​ទាំងស្រុង និង​បន្ថែម​នូវ​ការ​ជួស​ជុល​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នា​ឆ្នាំ​២០២១ ដើម្បី​បម្រើ​ឲ្យ​ការប្រកួត​ក្នុង​ដី​របស់​ខ្លួន​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ។

លោក ខូវ ឆាយ អគ្គលេខាធិការ​អតីត​ក្រុម​ជើងឯក​រង ២​សម័យ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​កីឡដ្ឋាន​ខ្លួនបាន​ធ្វើ​ការ​ជួស​ជុល និង​ផ្លាស់ប្ដូរ​ស្មៅ​មួយ​ចំនួន​ហើយ តែ​ឆ្នាំក្រោយអាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ស្មៅ​ទាំងស្រុង ដើម្បី​ឲ្យ​កាន់​តែ​មាន​ស្តង់ដារ​ងាយស្រួល​ប្រកួត។ ជុំវិញ​គម្រោង​ប្ដូរ​ស្មៅ​នេះ លោក​ថា បច្ចុប្បន្ន​សមាគម​បាន​ធ្វើ​ដំណើរ​ទៅ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រួចហើយ ក្នុង​នោះ​ក៏​មាន​ការ​ត្រៀម​ជួសជុល​កន្លែង​ស្នាក់នៅ និង​កន្លែង​ហូបចុក​របស់​កីឡាករ​ឲ្យ​កាន់តែ​ស្តង់ដារ​ផង​ដែរ។​ គួរ​បញ្ជាក់​ថា ការ​បង្ហើប​នូវ​គម្រោង​នេះ គឺ​ក្រោយ​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ បាន​បង្កើត​គណៈកម្មការ​គ្រប់គ្រង និង​ទ្រទ្រង់ ក៏ដូចជា​ទទួល​បាន​កា​រ​ឧបត្ថម្ភ ១​ឆ្នាំ ៣០​ម៉ឺន​ដុល្លារ​រយៈពេល ១០​ឆ្នាំ​ពី​ដៃគូ​ឧបត្ថម្ភ​ថ្មី​កាល​ពី​ពេល​ថ្មីៗ។ ក្រៅ​ពី​នេះ​ក្លិប​ក៏​គ្រោង​ពង្រឹង​ក្រុម​ឲ្យ​មានការ​ប្រកួតប្រជែង​ កាន់​តែ​ខ្លាំង​នា​រដូវ​កាល​ថ្មី​ទៀត​ផង៕

អត្ថបទ៖ លី ឈុន​ឡា