អាមេរិក​មាន​ករណី​ឆ្លង​ច្រើន​បំផុត​នៃ​ជំងឺ ​COVID-19 នៅ​លើ​ពិភព​លោក ហើយ​រលក​បន្ទាប់​សំដៅ​ទៅ​លើ​រដ្ឋ​ល្វី​ស​ស៊ា​ណា

44

អាមេរិក៖ ចំនួន​អ្នក​ឆ្លង​ជំងឺ​នៅសហរដ្ឋអាមេរិក​បាន​កើន​ឡើង​ដល់​ ៨២.០០០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លើស​ពី​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​ចិន​ និង​អ៊ីតាលី ខណៈ​ទីក្រុង​ញូវយ៉ក​, ទីក្រុង​ញូ​វ​អ៊ុក​លែ​ន​ និង​ចំណុច​ក្ដៅ​ដទៃ​ទៀតប្រឈម​នឹង​ការ​កើន​ឡើង​ នៃ​ចំនួន​អ្នក​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​និង​កង្វះ​ខាត​សម្ភារៈ​ផ្គត់ផ្គង់,​ បុគ្គលិក​ និង​គ្រែ​សម្រាប់​អ្នកជំងឺ​។

ដោយសារ​មណ្ឌល​ថែទាំ​សុខភាព​មាន​ចំនួន​កាន់តែ​ទាប​ មាន​ម៉ាស៊ីន​ជំនួយ​អ៊ុក​ស៊ី​សែន និង​ម៉ាស់​ការ​ពារ​កាន់​តែ​តិច និង​សមត្ថភាព​ធ្វើតេស្ត​រក​អ្នក​ផ្ទុក​វីរុស​មាន​កំណត់ ចំនួន​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​សា​រ​ជំងឺ​ ដែល​ជា​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស ​COVID-19​ បាន​កើន​ឡើង​ដល់​ជាង​ ១.២០០​នាក់​។​ ខណៈ​ពេល​ដែល​ទីក្រុង​ញូវយ៉ក​គឺជា​ចំនុច​កណ្ដាល​នៃ​ជំងឺ COVID-19 ​ក្នុងសហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​នេះ ​រលក​នៃ​ការ​ឆ្លង​បន្ទាប់​ទំនងជា​សំដៅ​ទៅ​កាន់​រដ្ឋ​ល្វីស​ស៊ា​ណា​ ជា​កន្លែង​ដែល​តម្រូវការ​ម៉ាស៊ីន​ជំនួយ​អ៊ុក​ស៊ី​សែន បាន​កើន​ឡើង​ទ្វេដង​រួច​ទៅ​ហើយ​។​ តួ​លេខ​សរុប​របស់​សារព័ត៌មាន Reuters​ បាន​បង្ហាញ​ថា ​យ៉ាងហោចណាស់​ជនជាតិ​អាមេរិក​ចំនួន​ ១.២០៦​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ COVID-19 ដែល​បាន​បង្ហាញ​គ្រោះថ្នាក់​បំផុត​មនុស្ស​ចាស់ ​និង​មនុស្ស​ដែល​មាន​បញ្ហា​រ៉ាំរ៉ៃ​ស្រាប់​ផ្នែក​សុខភាព​៕

អត្ថបទ៖ សុខ​មាន