ក្រសួង​សេដ្ឋកិច្ច ប្រកាស​លើកលែង​ពន្ធ ​ដល់​រោងចក្រ ​សហគ្រាស ​ដែល​ប៉ះពាល់​ពី​ការ​ដក​ EBA

284

ភ្នំពេញ ៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ​ដែល​រង​ផល​ប៉ះពាល់​បណ្តាលមកពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ​ក្នុងនោះ​រយៈពេល ៦​ខែ ​សម្រាប់​រោងចក្រ សហគ្រាស ​ដែល​រង​ផល​ប៉ះពាល់​កម្រិត ២០% ទៅ ៣៩% ​និង​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​រោងចក្រ សហគ្រាស ៤០% ទៅ ១០០%

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្តីប្រកាស ស្តីពី​វិធានការ​ផ្នែក​ពន្ធដារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ​នៃ​បញ្ហា​ប្រឈម​លើ​សហគ្រាស​ឧស្សាហកម្ម ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ​ដោយមាន​គោលបំណង​ដាក់​ចេញ​នូវ​យន្តការ​ផ្នែក​ពន្ធដារ និង​កំណត់​នូវ​វិធានការ​ពន្ធដារ​ ក្នុងការ​ផ្តល់នូវ​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល ចំពោះ​សហគ្រាស​វាយ​ន​ភណ្ឌ ​ផលិត​សំលៀកបំពាក់​, ផលិត​ស្បែកជើង​, ផលិត​ការ​បូ​ប​យួរ កាបូបដៃ​, និង​មួក ​ដែល​រង​ផល​ប៉ះពាល់​បណ្តាល​មកពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)

ពាក់ព័ន្ធ​និង​ការអនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល សម្រាប់​សហគ្រាស​ខាងលើ ដែល​ត្រូវ​បាន​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​ជាប់​ពន្ធ ២០២០ គឺ​ផ្អែកលើ​កម្រិត​ នៃ​ផល​ប៉ះពាល់​រួមមាន ​៖ ការ​លើក​លែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល ៦ ​ខែ សម្រាប់​រោងចក្រ ​សហគ្រាស ដែល​រង​ផល​ប៉ះពាល់​កម្រិត ​២០% ទៅ ៣៩% ដោយ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ​៥០% នៃ​ប្រាក់​ដែល​ត្រូវ​បង់​សរុប ។

ចំណែក​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រយៈពេល​មួយឆ្នាំ​ ក្នុងនោះ​ចំពោះ​រោងចក្រ សហគ្រាស ដែល​រង​ផល​ប៉ះពាល់​កម្រិត ៤០% ទៅ ១០០% គឺ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ១០០% ​នៃ​ប្រាក់​ដែល​ត្រូវ​បង់​សរុប​ផងដែរ ។

ចំពោះ​លក្ខខណ្ឌ​ដែល​ត្រូវ​ទទួល​បាន​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល សហគ្រាស​វាយ​ន​ភណ្ឌ ផលិត​សំលៀកបំពាក់​, ផលិត​ស្បែកជើង​, ផលិត​ការ​បូប​យួរ ​កាបូបដៃ​, និង​មួក ​ត្រូវ​ដាក់​ពាក្យ​ជូន​រដ្ឋបាល​សារពើពន្ធ ​ឯកសារ​បញ្ជាក់​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​ជាក់ស្តែង ​ពី​កា​រ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ក្នុង​កំឡុង​ពេល​ប្រកាស​ពន្ធ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ៕