សុខ សុវណ្ណ ទំនង​ខកខាន​ជួយ​ភ្នំពេញ​ក្រោ​ន ១​រដូវ​កាល​ពេញ​

37

បាល់ទាត់៖ ខ្សែ​ការពារ​កណ្ដាល​ក្លិប​ភ្នំពេញ​ក្រោ​ន សុខ សុវណ្ណ បាន​ធ្វើ​ការ​វះកាត់​ជង្គង់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា​កន្លងទៅ ខណៈ​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា កីឡាករ​សម្បូរ​បទ​ពិសោធន៍​រូប​នេះ​ត្រូវការ​ពេល​សម្រាក ៦​ទៅ ៨​ខែ ពោល​គឺ​ទំនង​មិន​អាច​ជួយ​ក្រុម​ សម្រាប់​ការ​ប្រកួត​នៅសល់ក្នុង​រដូវ​កាល​ឆ្នាំ​២០២០ នេះ​ឡើយ។

គួរ​ដឹង​ថា អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ បាន​មាន​បញ្ហា​ជង្គង់​អំឡុង​ពេល​ប្រកួត​មិត្តភាព​លើក​ចុង​ក្រោយ​ ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​កាល​ពេល​កន្លងទៅ​។ ប៉ុន្តែ​មុន​សម្រេចចិត្ត​ធ្វើការ​វះកាត់ អតីត​សមាជិក​ក្លិប​បឹងកេត និង​វិសាខា​រូប​នេះ ក៏បាន​រួមចំណែក​ជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​កំពូល​តារាងនៃ​លី​គ​កំពូល​កម្ពុជា​បណ្ដោះអាសន្ន ជាមួយ​លទ្ធផល ៥​ប្រកួត ​ឈ្នះ​៤ និង​ស្មើ​១ រក​បាន ១៣​ពិន្ទុ​ផង​ដែរ​។​ សូម​រំឭក​ថា សុខ សុវណ្ណ បាន​ផ្ដើម​អាជីព​បាល់ទាត់ ​ជាមួយ​ក្លិប​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នរហូតដល់​ឆ្នាំ​២០១៣ ទើប​គេ​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ចម្ការកៅស៊ូ​បឹងកេតដែល​ជា​ក្រុម​បឹងកេត​បច្ចុប្បន្ន​។ លុះដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៨ សុវណ្ណ ក៏បាន​ប្ដូរ​ទ្រនំ​ថ្មី​លេង​ឲ្យ​វិសាខា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ មុន​ផ្លាស់​មក​ទ្រនំ​ចាស់​ក្លិប​ភ្នំពេញ​ក្រោ​ន​វិញ​នៅ​ជុំ​ទី​២ កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​៕

អត្ថបទ៖ លី ឈុន​ឡា