កងទ័ព​កម្ពុជា​-​ចិន រួមចិត្ត​តែមួយ​កៀកស្មា​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវីត-​១៩​ នៅ​កម្ពុជា

181

ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិ​ន ធាន បាន​ថ្លែងថា ​កងទ័ព​កម្ពុជា​-​ចិន រួមចិត្ត​តែមួយ​កៀកស្មា​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីត-​១៩​ ​នៅ​កម្ពុជា ​ ​រដ្ឋាភិបាល​ប្រជាជន ​និង​កងទ័ព​ចិន​ មិន​អាច​បំភ្លេច​កម្ពុជា​បានឡើយ​ ខណៈ​ប្រទេស​កម្ពុជា ​កំពុង​ជួប​ការ​លំបាក​​នៃ​ការរីក​រាលដាល​ជំងឺ​កូវីត-​១៩​ ​​នាពេលនេះ​។

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុមគ្រូពេទ្យ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ នៅ​រសៀល​ថ្ងៃទី​២៦​ ខែមីនា​ ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​​គណៈរដ្ឋមន្ត្រី​ លោក វ៉ាង វិ​ន​ធាន ​បាន​លើកឡើងថា ​ នាពេល​កន្លងមក នៅពេល​ប្រទេស​ចិន​ជួប​ការ​លំបាក​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួយឧបត្ថម្ភ​ជា​សម្ភារៈ ​បរិក្ខារ​ពេទ្យ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ជូន​ដល់​មិត្ត​ចិន ​រហូតមកដល់​ពេលនេះ ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ​នៅ​ប្រទេស​ចិន ​ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ ​ដូចនេះ ​ប្រទេស​ចិន​នឹង​មក​ជួយ​ដោះស្រាយ​ជាមួយ​មិត្ត​កម្ពុជា​វិញ​ តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ មួយចំនួនធំ ​និង​បញ្ជូន​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ស៊ីវិល និង​កងទ័ព មកជួយ​ផងដែរ​។

លោក ​វ៉ាង វិ​ន​ធាន​ បាន​បន្តទៀតថា ​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ចិន​បា​ន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​វេជ្ជ​-​សាស្ត្រ​៧​រូប ​រួមជាមួយ​ឧបករណ៍ ​សម្ភារៈ​ពេទ្យ​មួយ​ចំនួន ​បាន​មកដល់​ប្រទេស​កម្ពុជា​ ដែល​ជា​ក្រុម​អ្នក​ជំនាញ​ប្រឆាំង​ជំងឺ ​កូ​វីដ​១៩​ដំបូង ​ដែល​ប្រទេស​ចិន​បាន​បញ្ជូន​ចេញទៅ​បេសកកម្ម ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​“​អាស៊ាន​” ។ ​នៅ​ថ្ងៃទី​២៤ ខែមីនា​ ឆ្នាំ​២០២០​ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៃ​កងទ័ព​រំដោះប្រជាជន ​ចិន​ចំនួន​៤​រូប ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ពិសេស ជាង ជែ ហ្វូ Jiang Jia fu ដែលជា​ក្រុម​គ្រូពេទ្យ​កងទ័ព​ចិន​ មាន​សមត្ថភាព​ពោរពេញ​ដោយ​បទពិសោធន៍​ខ្ពស់ ​បាន​បំពេញបេសកកម្ម​ទៅ​ក្រៅប្រទេស​ជាច្រើន​ដង ដូចជា ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ​បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ដែរ ​។ ក្រុម​នេះ​ បាន​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​នៅ​នឹងកន្លែង​ផ្ទាល់ ​ដែល​មាន​ការឆ្លងកាត់​ក្នុងស្ថាន​ភាព​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ចិន​អស់​ជាច្រើនលើក​មកហើយ ។

នៅក្នុង​ពិធី​សំណេះសំណាល សម្តេច​ពិជ័យ​សេនា​ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល ប្រជាជន កងទ័ព​រំដោះប្រជាជន​ចិន ដែល​មាន​សន្តាន​ចិត្ត​ដ៏​ល្អ​ប្រពៃ ​បញ្ជូន​ក្រុមគ្រូពេទ្យ​ចិន​ មក​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ នៅ​កម្ពុជា​នាពេលនេះ ​។ ការងារ​នេះ ​បាន​ផ្តួចផ្តើម​ឡើង​ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មិត្ត​ចិន មិត្ត​ដែក​ថែក មិត្ត​អមតៈ​ ដែលជា​ផ្លែផ្កា​កើត​ចេញពី​ទំនាក់​ទំនងជា​ប្រពៃណី ចំណងមិត្តភាព ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ ​និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រោយ ក្រោម​ការដឹកនាំ​អគ្គ​មគ្គុទ្ទេសក៍ ​​ការទូត​ដ៏​ឆ្នើម​ សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​សង្កត់ធ្ងន់ថា វត្តមាន​ក្រុម​គ្រូពេទ្យ​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​កម្ពុជា​នាពេលនេះ បាន​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ខិតខំ​សិក្សា ​ដកស្រង់​ចែករំលែក​បទ​ពិសោធន៍ សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ក្រុម​គ្រូពេទ្យ​កម្ពុជា ​ដើម្បី​បង្ការ ​ទប់ស្កាត់​ការរីក​រាលដាល និង​ការព្យា​បាល​ជំងឺ​កូ​វីដ​១៩​ ជួយសង្គ្រោះ​អាយុជីវិត​ដល់​ប្រជាជន​កម្ពុជា ។

ជាមួយគ្នា​នោះដែរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ដោយមាន​ការ​ជួយ​គាំទ្រ​ឧបត្ថម្ភ​ទាំង​ការហ្វឹកហ្វឺន ​លើកកម្ពស់​ជំនាញ​បច្ចេកទេស ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខា​ពេទ្យ ​និង​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ​ពី​ក្រុមគ្រូពេទ្យ​កងទ័ព​រំដោះប្រជាជន​ ចិន​នាពេលនេះ ក្រុម​គ្រូពេទ្យ​កម្ពុជា នឹង​ទទួល​បាន​បទពិសោធន៍​សម្រាប់​បង្ការ ការពារ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជម្ងឺ កូ​វីដ​១៩​នៅ​កម្ពុជា ​នាពេលខាងមុខ​ជាក់​ជា​មិនខានឡើយ ។

ទន្ទឹមនេះដែរ សម្តេច​ពិជ័យ​សេនា ​ក៏បាន​អំពាវនាវ ​ដល់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខាភិបាល ​និង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បន្ត​យកចិត្តទុកដាក់​ សហការ​ឲ្យ​បាន​ជិតស្និទ្ធ ​បំផុត​ជាមួយ​ក្រុម​គ្រូពេទ្យ​ចិន ក្នុង​ការ​រៀបចំ​វគ្គ​ហ្វឹកហ្វឺន នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​និង​សម្របសម្រួល​សេវា​ការងារ​គ្រប់បែប​យ៉ាង ដើម្បី​ធានា​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ​ឲ្យ​បានល្អ ​និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ​កូវីដ​១៩​នេះ ​៕