រដ្ឋសភា នឹង​ប្រជុំ​វិសាមញ្ញ ​ស្តីពី​ការកែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល ​នៅ​ចុងខែ​នេះ​

123

 

ភ្នំពេញ ៖ ​ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បានឱ្យដឹងថា នៅ​ថ្ងៃទី​៣០ ​ខែមីនា ​នេះ រដ្ឋសភា នៃ ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ ​នីតិកាល​ទី​៦ ស្តីពី​ការ​កែសម្រួល​សមាសភាព​រាជ រដ្ឋាភិបាល តប​តាម​ការ​ស្នើសុំ​កាលពីពេល​កន្លងទៅ​។

នៅ​ថ្ងៃទី​២៧ ខែមីនា នេះ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​ បាន​ដឹកនាំ​កិច្ចប្រជុំ​លើ​របៀប​វារៈ​ចំនួន​៤ ​ដែល​របៀបវារៈ​សំខាន់​នោះ គឺ​ ការ​កែ​សម្រួល​សមាសភាព​រាជរដ្ឋាភិបាល​។ ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​សម្រេច​អនុម័ត​លើ​របៀប​វារៈ​ ចំនួន​៤ ​និង​កំណត់​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​វិសាមញ្ញ ​នីតិកាល​ទី​៦​ នៅ​ថ្ងៃទី​៣០​ ខែមីនា នេះ ដើម្បី​តប​ទៅ​នឹង​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ស្តីពី​ការ​កែសម្រួល​សមាសភាព ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល​។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​ឯកឧត្តម​ ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។

ក្នុង​សន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​រដ្ឋសភា ពុំបាន​ជម្រាប​ជូន​អំពី​សមាសភាព​ និង​ចំនួន នៅ ឡើយ​ទេ ខណៈ​ទុក​ការ​បង្ហាញ​ជា​ផ្លូវការ​នូវ​សមាសភាព​ ដែល​ត្រូវ​កែសម្រួល​នោះ ​នៅ​ថ្ងៃទី​៣០ ខាងមុខ នេះ​។

របៀបវារៈ​ចំនួន​៤ ដែល​បាន​ធ្វើ​ការពិភាក្សា និង​អនុម័ត រួមមាន ​ការពិនិត្យ​សំណើសុំ​កោះ​ប្រជុំ​រដ្ឋ សភា ជា​វិសាមញ្ញ ​នីតិកាល​ទី​៦ ដើម្បី​ពិនិត្យ ​និង​បោះឆ្នោត​ទុកចិត្ត​លើ​ការ​កែ​សម្រួល​សមាសភាព​រាជរដ្ឋាភិបាល​ ការពិនិត្យ​សំណើសុំ​បោះឆ្នោត​ផ្តល់​សេច​ក្តី​ទុកចិត្ត​លើ​ការតែងតាំង ​និង​កែសម្រួល​សមាសភាព​រាជ រដ្ឋាភិបាល ​ការពិនិត្យ​សមាសភាព​លេខាធិការ ​ចំនួន​បី​រូប ​របស់​សម័យប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ ​នីតិកាល ទី​៦ គឺ​ឯកឧត្តម ឈឹម ម៉ា លោកជំទាវ គឹម សុ​វណ្ណា និង​ឯកឧត្តម លី ឆេង ៕