ក្លិប​កំពូល ៤ នៅ Bundesliga​ រួមគ្នា​ជួយ​ក្លិប​ផ្សេងទៀត​ដែល​ពិបាក​អំឡុង​ពេល​គ្មាន​សកម្មភាព​

43

បាល់ទាត់៖ ​ក្លិប​កំពូល​ទាំង៤ នៅ​ក្រប​ខណ្ឌ​អាល្លឺម៉ង់ Bundesliga ​បច្ចុប្បន្ន​បាន​រួម​គ្នា​ជួយ​ជា​ទឹក​ប្រាក់ ២០​លាន​អឺរ៉ូ​ដល់​ក្លិប​ដទៃ​ទៀត​ដែល​ជួប​នឹង​ការ​លំបាក​ អំឡុង​ពេល​គ្មាន​សកម្មភាព​ដោយសារតែ Covid-19​។ ​Bayern Munich, Dortmund, Leipzig និង Leverkusen នឹង​ចំណាយ​ថវិកា​រួមគ្នា ២០​លាន​អឺរ៉ូ​នេះ​ដែល​បាន​មកពី​ចំណូល​នៃ​ការផ្សាយ​ផ្ទាល់ និង​ខ្លះ​បាន​មកពី​មូលនិធិ​។

​​គណៈកម្មាធិការ​លីគ​បាល់ទាត់​អាល្លឺម៉ង់ DFL នឹង​សំរេច​ថា ​ថវិកា​ដែល​បាន​មកនេះ​នឹង​បែងចែក​របៀប​ណា​។ ​ការប្រកួត​ចុងក្រោយ​បំផុត​នៃ​ក្រប​ខណ្ឌ Bundesliga ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​មីនា ហើយ​ក្រោយ​មក​ក៏បាន​ផ្អាក​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​ដដែល​ដោយសារតែ Covid-19​។ ​មាន​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ផង​ដែរ ​នៅ​បាល់ទាត់​អាល្លឺម៉ង់ក្នុង​នោះ​មាន Robert Lewandowski បរិច្ចាគ ១​លាន​អឺរ៉ូ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង Covid-19 បន្ត​បន្ទាប់​ដោយ Leon Goretzka​ និង Joshua Kimmich ​រួមគ្នា​បង្កើត​មូលនិធិ We Kick Corona បរិច្ចាគ ១​លាន​អឺរ៉ូ​ជាមួយគ្នា​ជាដើម​៕

អត្ថបទ​៖​នាង សុភា​វុ​ធ