ទប់ស្កាត់​ការ​ឆ្លង​កូ​វីដ​១៩ ​ផ្សារ​ក្នុងស្រុក​ខ្លះ ​នៃ​ខេត្តបាត់ដំបង ​ត្រូវ​បាន​បិទ​ដើម្បី​លាង​សម្អាត​

388

បាត់ដំបង ៖ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ ដែល​ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់ ​គួរឱ្យ ព្រួយបារម្ភ​ជាខ្លាំង​នោះ អាជ្ញាធរ​ស្រុក​មួយចំនួន ​ក្នុង​ខេត្តបាត់ដំបង​ សហការ​ជាមួយ​ប្រជាពលរដ្ឋ បាន​បិទ ផ្សារ មិន​ឲ្យ​លក់ដូរ​ពេញ​មួយថ្ងៃ ​ដើម្បី​លាង​សម្អាត​ធ្វើ​អនាម័យ​ផ្សារ​។

ក្នុងពេល​ដឹកនាំ​លាង​សម្អាត​ផ្សារ​មោងឫស្សី នៅ​ថ្ងៃទី​២៧ ខែមីនា នេះ លោក ទេព ហន អភិបាល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ​បាន​ថ្លែងថា​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត នៃ​មេរោគ​កូ​វីដ​១៩ រដ្ឋបាល​ស្រុក​ និង​កងកម្លាំង​ទាំងបី ​បាន​ផ្សព្វផ្សាយ​ពី​របៀប នៃ​ការទប់ស្កាត់​មេរោគ​នេះ​ នៅ​ទូទាំង​ភូមិ​ឃុំ រួម​ទាំង​ចុះ​ស្រង់ ស្ថិតិ​ពលករ​ខ្មែរ ទើប​ត្រឡប់​ពី​ក្រៅប្រទេស​ ពិសេស​មកពី​ថៃ ពន្យល់​ពួកគេ​ឲ្យ​យល់ដឹង​ពី​វិធី​បង្ការ និង​ដាក់ ខ្លួន​ដាច់ដោយឡែក​ពី​គ្រួសារ​មួយ​រយៈ​ពេល​។

លោក ​បាន​បន្តថា ស្រុក​ក៏បាន​ធ្វើ​ការ​លាង​សម្អាត​តាមផ្លូវ ​និង​បិទ​ផ្សារ ដែល​ការ​បិទ​នេះ ​មិនមាន ន័យ​ថា​បិទ​រហូត​នោះទេ ​គឺ​បិទ​ដើម្បី​លាង​សម្អាត​មួយថ្ងៃ ហើយ​ក្រុមអាជីវករ​ ក៏បាន​ចូលរួម​សហការ និង សម្ដែង​ការគាំទ្រ ​ព្រោះ​ពួកគេ ​ក៏​ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល នៃ​មេរោគ កូ​វីដ​១៩​ផងដែរ​។

ពលរដ្ឋ បាន​លើកឡើងថា ​ពួកគេ​ពុំ​សូវ​មានការ​ព្រួយបារម្ភ ពី​ការ​ឆ្លង​កូ​វីដ​១៩​នោះទេ​ ព្រោះ​បាន អនុវត្តន៍ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​រក្សា​អនាម័យ​ខ្លួន​ មិន​ឲ្យ​ឆ្លង​ជំងឺ​នេះ ហើយ​ឃើញ ថា អាជ្ញាធរខេត្ត ​ក៏បាន​ចុះ​ផ្សព្វផ្សាយ​យ៉ាង​ផុលផុស​ផងដែរ​ ពី​ការទប់ស្កាត់ និង​បង្ការ​ឆ្លង​មេរោគ​នេះ​។

គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ទូទាំង​ប្រ ទេស ចំនួន​៩៨​នាក់ និង​បានជា​សះស្បើយ​ចំនួន​១១​នាក់ ​ខណៈ​ខេត្តបាត់ដំបង​ មាន​អ្នក​ឆ្លង​ជំងឺ​នេះ ចំនួន ៨​នាក់ និង​ជាសះស្បើយ​ចំនួន​២​នាក់​៕