អតីត​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ពន្យល់​ហេតុផល ៣ សំខាន់ ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​មក​កម្ពុជា​

999

ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្តម ហោ ណាំហុង បាន​បង្ហាញ​នូវ​ក្តី​ត្រេកអរ ​និង​អរគុណ​រដ្ឋាភិបាល​ចិន ដែល​បញ្ជូន​គ្រូពេទ្យ​ជំនាញ និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ មកកាន់​ប្រទេស​កម្ពុជា​។ ឯកឧត្តម ​លើកឡើងថា ​ដំណើរ​មកកាន់​កម្ពុជា​របស់​គ្រូពេទ្យ​ចិន​នៅពេលនេះ បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​អាស៊ាន ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ។ ​នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុង​សារ​សំឡេង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។ អតីត​ប្រមុខ​ការទូត​ចាស់វស្សា​របស់​កម្ពុជា​រូបនេះ បាន​ពន្យល់​នូវ​ហេតុ ៣ យ៉ាងសំខាន់ ​ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ខ្លួន​មក​កម្ពុជា ដោយ​ទី ១ ដោយសារ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ​ទៅកាន់​ប្រទេស​ចិន​ ដែល​ឯកឧត្តម​ចាត់ទុកថា វា​មាន​អត្ថន័យ​នយោបាយ​យ៉ាង​ជ្រាលជ្រៅ ​ទៅកាន់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន ​និង​ធ្វើ​ឲ្យ​ចិន​មិន​អាច​បំភ្លេចបាន​។ ចំណុច​ទី ២ ដោយសារ កម្ពុជា​និង​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នឹង​គ្នា ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ទាំងពីរ​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​។ ហេតុផល ទី ៣ ដែល​នាំ​ឲ្យ​ចិន​ជួយ​កម្ពុជា​នៅពេល​នេះដែរ គឺ​ឯកឧត្តម ហោ ណាំហុង យល់ថា ដោយសារ​កម្ពុជា​និង​ចិន បាន​ចុះហត្ថលេខា​អនុវត្ត​គោលនយោបាយ​ជោគវាសនា​រួមគ្នា​។

កាលពី​ថ្ងៃទី ២៣ ខែមីនា ក្រុមគ្រូពេទ្យ​ជំនាញ​របស់​ចិន​ចំនួន ៧ នាក់ បាន​មកដល់​ប្រទេស​កម្ពុជា ជាមួយនឹង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ប្រមាណ ៤ តោន ផងដែរ​។ ក្រោយពី​មកដល់​ប្រទេស​កម្ពុជា ដើម្បី​រក​វិធី​ទប់ស្កាត់​កូ​វីដ ១៩ នៅក្នុង​ប្រ​ទស​នេះ កាលពី​យប់​ថ្ងៃទី ២៥​ ខែមីនា កន្លងទៅ​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ចិន បានរៀបចំ​កិច្ចប្រជុំ​វី​ឌី​អូ​លើកដំបូង ​ជាមួយនឹង​ផ្នែក​បញ្ជាការ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ ១៩ ក្នុង​តំបន់​ស្វយ័ត ហ្គ​ង​ស៊ី (Guangxi) ​នៃ​ប្រទេស​ចិន តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​វី​ឌី​អូ Welink ក្នុង​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​ថ្មី​នៃ​ក្រុមហ៊ុន Huawei តិច​ណូ​ឡូ​ជី (​ខេ​ម​បូ​ឌា​) នៅ​រាជធានី​ភ្នំពេញ​។

លោក Yao Yuya ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Huawei តិច​ណូ​ឡូ​ជី បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមគ្រូពេទ្យ​ចិន​ថា ក្រុមហ៊ុន HUAWEI ​ក្នុងប្រទេស​កម្ពុជា ​នឹង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​ដៃគូ​ផ្សេងទៀត​ក្នុង​ការ​ផ្តល់​ជា​បណ្តាញ 5G ជូន​ដល់​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​មជ្ឈមណ្ឌល​ព្យាបាល​ក្នុង​សហគមន៍ ​និង​ស្ថាប័ន​ផ្សេងទៀត ដើម្បី​ផ្តល់​ជា​បណ្តាញ​អ៊ី​ធើ​ណេ​ត​ ដែលមាន​ល្បឿន​លឿន​សម្រាប់​ទំនាក់​ទំនងជា​មួយ​នឹង​អ្នក​ខាងក្រៅ​៕