ក្រសួងកសិកម្ម​ ដាក់ចេញ​វិធានការ​បន្ទាន់​មួយ នៅ​អំឡុង​ការរីក​រាលដាល​មេរោគ COVID-19

442

ភ្នំពេញ ៖ ​ ដោយសារ​ការរីក​រាល​ដាល​យ៉ាង​ឆាប់រហ័ស​នៃ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ​នៅ​ទូទាំង​សកលលោក និង​ក្នុង​តំបន់​ផង​នោះ​។​ ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ​បានចេញ​សេចក្តី​ណែនាំ​មួយ ស្តីពី​ការអនុវត្ត​វិធានការ​ឆ្លើយតប​ជាបន្ទាន់​របស់​កម្មវិធី​ និង​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ (Covid 19)​

នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ​ចុះ​នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​ បាន​លើកឡើងថា ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ សូម​ធ្វើ​ការណែនាំ​ដល់​មន្ត្រី ដែល​ជានា យក​កម្មវិធី ឬ​គម្រោង​អភិវឌ្ឍន៍​នានា ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​រាជធានី ខេត្ត​ឱ្យ​អនុវត្ត​ជាបន្ទាន់​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ដូចជា​៖ ត្រូវអនុវត្ត​នូវ​សកម្ម ភាព​ចាំបាច់​ក្នុង​ស្ថានភាព​បន្ទាន់​ជា​ការ​ឆ្លើយតប ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព សំដៅ​រួមចំណែក​បង្កើន​នូវ​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ ក៏ដូចជា​ពលករ​ដែល​ទើបតែ​ត្រឡប់​ពី​បរទេស​វិញ​។

ក្នុងន័យនេះ ត្រូវ​ពិនិត្យ​សកម្មភាព​ឆ្លើយតប​បន្ទាន់​ក្នុង​គម្រោង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ដោយ​ការប្រើ​ប្រព័ន្ធ​សន្សំសំចៃ​ទឹក ការជួយ​ជីក​និង​ស្តារ​ស្រះ ត្រ ពាំង ​និង​អណ្តូង​ជាដើម អប់រំ​បណ្តុះ​បណ្តាល ណែនាំ​ផ្សព្វផ្សាយ​ជាដើម ការអប់រំ​បណ្តុះ​បណ្តាល ណែ នាំ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ការ​ធ្វើ​ហិរញ្ញប្បទាន​ដល់​ប្រជាកសិករ​តាម​គ្រប់​រូបភាព​សំដៅ​ដល់​ការ​បង្កើត​កសិដ្ឋាន​ថ្មីៗ ​ព្រមទាំង​គាំទ្រ និង​ពង្រីក​ទំហំ​ផលិតកម្ម​ស្បៀង​ដែល​ឆាប់​ផ្តល់​ផល​។​ល​។

ក្រសួងកសិកម្ម​ បាន​ណែនាំ​បន្ថែមទៀតថា​ ត្រូវ​ពិនិត្យ​ខ្ទង់​ថវិកា​ដែល​អាច​យក​មក​អនុវត្ត​សកម្មភាព​ឆ្លើយតប​ជាបន្ទាន់ ​ពន្លឿន​ការអនុវត្ត​កម្មវិធី​ និង​សកម្មភាព​ទូទាត់​ថវិកា​ឱ្យ​បាន​ទាន់ពេលវេលា ​និង​កាត់បន្ថយ​នូវ​រាល់​ចំណាយ​ដែល​មិន​ចាំបាច់​នានា​។ ស្នើសុំ​បន្ធូរបន្ថយ ​លើ​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​ស្នើសុំ​ថវិកា​បុ​រេ​ប្រទាន​គម្រោង ការសម្រួល​នីតិវិធី​លទ្ធកម្ម ​និង​ការធ្វើ​វិភាជន៍​ថវិកា ​ដើម្បី​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​អនុវត្ត​ការងារ​ដែល​កំពុងតែ​ចាំបាច់​។ ​និង​ត្រូវ​ជំរុញ​ដល់​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ទទួល​ហិរញ្ញ​ប្ប​ទាន ពី​គម្រោង​ឱ្យ​មាន​វិធានការ​ផ្សព្វផ្សាយ​ និង​ពង្រីក​ទីផ្សារ​លក់​ផលិតផល​ឱ្យ​កាន់​តែ​មាន​ភាព​សកម្ម និង​ខ្លាំងក្លា​ជាង​មុន​៕