កម្ពុជា​-​អូស្ត្រាលី សន្យា​បន្ត​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​គ្រឿងញៀន​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​

785

ភ្នំពេញ៖ អគ្គស្នងការ​នគរបាល​ជាតិ និង​នគរបាល​សហព័ន្ធ​អូស្ត្រាលី បាន​សន្យា​បន្ត​បង្ក្រាប​ឧក្រិដ្ឋកម្ម ឆ្លងដែន​និង​គ្រឿងញៀន​រួមគ្នា ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត ខណៈ​ប្រតិបត្តិកា​រួមគ្នា​កន្លងទៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​បានល្អ​ប្រសើ និង​ចាប់បាន​ឧក្រិដ្ឋជន​ជាច្រើន​នាក់​ផងដែរ​នោះ​។​

​​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ក្រោយ​ជំនួប​ជាមួយ​លោកស្រី ណា​អូ​មី ប៊ី​ន​ស្ទ៊ែ​ដ (Naomi Binstead) មន្ត្រី​សម្របសម្រួល​ជាន់ខ្ពស់​នគរបាល​ប្រចាំ​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែតុលា នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា បានឱ្យដឹងថា នគរបាល​សហព័ន្ធ​អូស្ត្រាលី បាន​សន្យា​នឹង​បន្ត​ផ្តល់នូវ​សម្ភារ​សម្រាប់​ពិនិត្យ​គ្រឿងញៀន​ដល់​អគ្គស្នងការ​នគរ​បាល​ជាតិ​មួយចំនួនទៀត សម្រាប់​ពិនិត្យ​នៅតាម​ច្រក​នានា ហើយក៏​នឹង​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដល់​មន្ត្រី​នគរ បាល​កម្ពុជា​បន្ថែមទៀត ក្នុងការ​ស៊ើបអង្កេត​នូវ​បទឧក្រិដ្ឋ​ឆ្លងដែន និង​គ្រឿងញៀន​។​

ឯកឧត្តម បានឱ្យដឹង​ទៀតថា «​នៅក្នុង​កិច្ច​ជំនួប​នោះ ភាគី​អូស្ត្រាលី បាន​កោតសរសើរ​ចំពោះ​កង កម្លាំង​នគរបាល​កម្ពុជា ដែល​បាន​សហការ​ជាមួយ​កម្លាំង​របស់គេ អស់​រយៈពេល​បី​ឆ្នាំ​កន្លងទៅនេះ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​នូវ​បទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងៗ ហើយ​គេ​បាន​អគុណ​ដល់​កម្ពុជា ដែល​បាន​ផ្លាស់ប្តូរ​នូវ​ចារកម្ម​ជាមួយគ្នា​នាពេល​កន្លងទៅ ហើយ​គេ​រំពឹងថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​ប្រកបដោយ​ភាពរលូន​ជាង​មុន​ទៀត នៅពេល​ខាងមុខនេះ​»​។​

លោកស្រី ណា​អូ​មី ប៊ី​ន​ស្ទ៊ែ​ដ (Naomi Binstead) បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​បង្ក្រាប​គ្រឿងញៀន កាលពី​ឆ្នាំ​កន្លងទៅ ដោយ​គោលនយោបាយ​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត និង​ធ្វើការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​រហូតដល់​ជាង​មួយ​ម៉ឺន​ពីរពាន់​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង​ប្រាំ​រយ​គីឡូក្រាម​ដែរនោះ​។​

យ៉ាងណាក៏ដោយ នៅក្នុង​កិច្ច​ជំនួប​នោះ ភាគី​ទាំងពីរ​រំពឹងថា កិច្ចសហប្រតិបត្តិការ​រួមគ្នា នាពេលខាងមុខ រវាង​កងកម្លាំង​នគរបាល​កម្ពុជា និង​កងកម្លាំង​នគរបាល​ស​ហ័ព​ន្ធ​អូស្ត្រាលី នឹង​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ទាំងនោះ​៕​