មន្ត្រី​កាំកុងត្រូល​ចុង​ទី​ភ្នំពេញ​ បន្ត​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​ចំការ​ដូង

109

ភ្នំពេញ ៖ ​ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ​មន្ត្រី​កាំកុងត្រូល​ចុង​ទី​ភ្នំពេញ ​បាន​បន្ត​ចុះ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​ចំការ​ដូង​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ​តែ​លទ្ធផល​ពុំ​រក​ឃើញ​អ្វី​ដែល​ត្រូវការ​ហាមឃាត់​នោះឡើយ​។

លោក គង់ វុទ្ធី ​អនុប្រធាន​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា ​ក្រុមការងារ​របស់​លោក បាន ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម គណៈកម្មការ​ផ្សារ​ចំការ​ដូង ​និង​ហាង​លក់ទំនិញ​មួយ​ចំនួន​ក្នុង​​ខណ្ឌ ដង្កោ ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ និង​ស្រាវជ្រាវ​ទប់ស្កាត់​នូវ​ទំនិញ​ខូចគុណភាព ​ដែល​ជន​ខិលខូច​មួយចំនួន​លួច​ បញ្ចេញ​មក​លក់​ ចែកចាយ ​លើ​ទីផ្សារ​នានា​។

លោក​ បាន​បន្តថា​ ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​របស់​លោក​បាន​យក​គំរូ​ម្ហូបអាហារ​ចំនួន ​៤៤​គំរូ​មក​ពិសោធន៍​នៅ​រថយន្ត​ពិសោធន៍​ចល័ត​ដើម្បី​រក​សារ​ធាតុគីមី​ហាមឃាត់​ទៅលើ​ទំនិញ ​ដូចជា ​ សណ្តែក​បណ្ដោះ សរសៃ​មី​លឿង ​លត ​គុយទាវ​សរសៃ​ធំ ​ប្រហិត​សាច់គោ​ ប្រហិត​សាច់ជ្រូក ជ្រក់ត្រសក់ ​មឹក ​បង្គា ​ត្រីងៀត ត្រី​បង្ហើម សាច់ក្រក និង​ទំនិញ​ជាច្រើន​ទៀត​។ ប៉ុន្តែ​ក្នុង​ប្រតិបត្តិការ​នេះ​ពុំ​រក​ឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់​ក្នុង​គំរូ​ណាមួយ​នោះឡើយ ​ដោយហេតុថា ​ពេលនេះ​បងប្អូន​អាជីវករ ​ក៏ដូចជា​អ្នក​ផលិត​ និង​ដាំ​បាន​យល់​ដឹក​ច្រើន​អំពី​ផល​ប៉ះពាល់​នូវ​​សារធាតុ​គីមី​ហាមឃាត់​ទាំងនោះ​។

យ៉ាងណាក៏ដោយ​លោក​ គង់ វុទ្ធី​ នៅតែ​បន្ត​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ត្រូវតែ ​ដាក់​លក់​របស់​របរ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ​និង​សុវត្ថិភាព​បំផុត​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ផល​ប៉ះ​ ពាល់​ដល់​សុខភាព​អ្នក​បរិភោគ​និង​អ្នកប្រើប្រាស់​៕