កែវ សុខ​ង៉​ន ប៉ង​បង្កើត​កំណត់ត្រា​ថ្មី​ឲ្យ​ភ្នំពេញ​ក្រោ​ន​ជាមួយ​តំណែង​ថ្មីរបស់​ខ្លួន

118

បាល់ទាត់៖ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កែវ សុខ​ង៉​ន បានសម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ទាំង​សោកស្ដាយ ក្រោយ​មាន​របួស​ញាំញី​ខ្លាំង​ពេក និង​ជំនួញ​ផ្សេងៗ។ តែ​យ៉ាងណា​បុរស​វ័យ ២៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្លឹប​ភ្នំពេញ​ក្រោ​ន ផ្ដល់​ទំនុក​ចិត្ត​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ធំ ហើយ​រូបលោកក៏បាន​ប្ដេជ្ញា​នឹង​បំពេញការងារ​ឲ្យ​បាន​ល្អ និង​មហិច្ឆតាជួយ​ក្លឹប​ភ្នំពេញ​ក្រោ​ន​លើក​ពាន នា​រដូវ​កាល​ក្រោយ​ទៀត​ផង។

លោក កែវ សុខ​ង៉​ន បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​ការ​ជឿ​ជាក់​ពី​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោ​ន ខ្លួន​គ្រោង​ប្រើ​រយៈពេល ២ ទៅ ៣​ឆ្នាំ​ដើម្បី​សាកល្បង​សមត្ថភាព​របស់​ខ្លួន ​ជាមួយ​នឹង​ការងារ​ថ្មីស្រឡាង​មួយ​នេះ។ ប៉ុន្តែ​ក្នុងនាម​ជា​អតីត​កីឡាករ​ជោគជ័យ​ម្នាក់ និង​ធ្លាប់​ជួប​ក្រុម​លើក​ពាន​ជាច្រើន​ផង​នោះ សុខ​ង៉​ន មាន​មហិច្ឆតា​ចង់​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​លើក​ពានក្នុង​ឆ្នាំ​ដំបូង ជាមួយ​តំណែង​ថ្មី​របស់​ខ្លួន​តែម្ដង។​ គួរ​បញ្ជាក់​ថា កែវ សុខ​ង៉​ន គឺជា​កីឡាករ​ម្នាក់​ធ្លាក់​មាន​បទពិសោធន៍​ជោគ​ជាំ​លើ​ទីលាន ដោយ​ធ្លាប់​ជួយ​ក្លឹប​ធំ​ៗ​ចំនួន២ លើក​ពាន​លី​គ​កំពូល​កម្ពុជាគឺ​ក្លឹប​ភ្នំពេញ​ក្រោ​ន និង​ក្លឹប​បឹងកេត​អែ​ហ្វ​ស៊ី។ មិនតែប៉ុណ្ណោះ សុខ​ង៉​ន ក៏​ធ្លាប់​បាន​ចេញ​ទៅលេង​ឲ្យ​ក្លឹប Samut Sakhon​ កាលពី​ឆ្នាំ​២០១១-២០១២ ផង​ដែរ ពិសេស​គឺ​ការ​រួម​ចំណែក​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ៕
អត្ថបទ៖ លី ឈុន​ឡា