Leonardo រក្សា​ជំហរ​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​ដូច​កាល​ក្រុម​គោព្រៃ តែ​លោក​ស្នើ​អ្នក​គាំទ្រ​ម្យ៉ាង​!

200

បាល់ទាត់៖ ទីបំផុត​អតីត​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា ៦​សម័យកាល​ភ្នំពេញ​ក្រោ​ន បាន​បង្ហាញ​វត្តមាន​គ្រូ​បង្វឹក​ថ្មី​ជា​ផ្លូវការ​ហើយ គឺ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Leonardo Vitorino ​ដែល​ត្រូវ​ជំនួស​កៅអី​លោក Sean នា​រដូវ​កាល​ថ្មី​ខាងមុខ។

​ក្រោយ​បង្ហាញ​វត្តមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​កីឡដ្ឋាន RSN នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ លោក Leonardo បាន​សម្ដែង​ការ​នូវ​ការ​សប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​បាន​វិល​ត្រឡប់​មក​ដឹកនាំ​ក្រុម​នៅ​កម្ពុជា​ជាថ្មី ហើយ​លោក​បាន​អះ​អាង​ថា នឹង​រក្សា​ជំហរ​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន ស្រដៀង​នឹង​កាលពី​លោក​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​ដែរ មិន​មាន​ការផ្លាស់ប្ដូរ​អ្វី​ច្រើន​នោះ​ទេ។​ បន្ថែម​លើ​នេះ​បុរស​ជនជាតិ​ប្រេ​ស៊ី​ល​ដដែល បាន​ស្នើ​រឿង​ម្យ៉ាង​ដល់​អ្នកគាំទ្រ ពិសេស​កីឡាករ​ផ្ទាល់ មិន​ថា​កីឡាករ​ភ្នំពេញ​ក្រោ​ន ឬ​ក្រុម​ផ្សេង​នោះ​ទេសុំ​បញ្ឈប់​ការ​ហៅ Idol​ៗ និង​ប្រើ​ពាក្យ​សុំទោស ក្រោយ​បរាជ័យ​ក្នុង​ការ​ប្រកួត​ណា​មួយ​។ លោក​សង្កត់​ធ្ងន់​ថា ការ​ហៅ Idol ឬ​ការ​សុំទោស ហាក់​រុញច្រាន​ឲ្យ​កីឡាករ​កាន់តែ​ទន់ជ្រាយ ផ្ទុយ​ពី​កីឡាករ​ជា Idol ពិតប្រាកដគឺជា​កីឡាករ​រឹងមាំ ឆ្លាត​វៃ និង​មាន​ទំនួល​ខុសត្រូវ មិនមែន​បរាជ័យ​ចេះតែ​សុំទោស​នោះ​ទេ។​

​គួរ​បញ្ជាក់​ថា លោក Leonardo បាន​ធ្វើ​ដំណើរ​មក​ប្រកប​អាជីព​នៅ​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដោយសារ​លោក​មើល​ឃើញ​ពី​ប្រព័ន្ធ​គ្រប់គ្រង និង​ការអភិវឌ្ឍន៍​ដ៏​ច្បាស់លាស់​របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ហើយ​លោក​សង្ឃឹមថា ការ​វិល​មក​ដឹកនាំ​ក្លឹប​អាជីព​លើកដំបូង​នៅ​កម្ពុជា​នេះ នឹង​ជួយ​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោ​នទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ នា​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ។ យ៉ាង​ណាមិញ​ចំពោះ​ប្រាក់ខែ ក៏ដូចជា​រយៈពេល​នៃ​កិច្ចសន្យា ក្នុង​ការ​ព្រមព្រៀង​ដឹកនាំ​ក្លឹប​ភ្នំពេញ​ក្រោ​ន ពី​សំណាក់​អតីត​គ្រូ​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​នេះ មិន​ត្រូវ​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ គ្រាន់តែ​តំណាង​ក្លឹប​បញ្ជាក់​ថា នឹង​មាន​ការសម្រួល​ផ្នែក​មធ្យោបាយ​ធ្វើដំណើរ ការ​ហូបចុក និង​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ៕

អត្ថបទ៖ លី ឈុន​ឡា