កីឡាករ​ភ្នំពេញ​ក្រោ​ន​បង្ហាញ​ការ​ជឿ​ជាក់ ក្រោយ​ចាប់ផ្ដើម​ហាត់​ថ្ងៃ​ដំបូង​ជាមួយ​លោក​ Leonardo

291

បាល់ទាត់៖ បន្ទាប់ពី​ប្រកាស​តែងតាំង​ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជាលោក Leonardo Vitorino ជា​គ្រូ​បង្វឹក​ក្លឹប​ភ្នំពេញ​ក្រោ​ន មួយថ្ងៃ​ក្រោយមក​បុរស​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ បាន​បើក​យុទ្ធ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​តែម្ដង ខណៈ​កីឡាករ​អតីត​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា ៦​សម័យកាល​នេះបាន​សម្ដែង​ការ​សប្បាយ​ចិត្ត និង​មាន​ជំនឿ​ចិត្តជា​ខ្លាំងក្រោម​ការដឹកនាំ​របស់​លោក Leonardo និង​ទទួល​បាន​លទ្ធផល​ល្អ​នា​រដូវ​កាល​ថ្មី​ទៀត​ផង។



​​កីឡាករ ម៉ៅ ពិសិដ្ឋ បាន​បញ្ជាក់​ថា សម្រាប់​ការ​ហ្វឹក​ហាត់​ថ្ងៃ​ដំបូង ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​នេះ លោក Leonardo បាន​ផ្ដោត​លើ​បច្ចេកទេស​ក្នុង​ការ​បញ្ជូន​បាល់ តែ​របៀប​លេង និង​ការ​ហ្វឹក​ហាត់គឺ​ប្លែក​ច្រើន បើ​ធៀប​នឹង​គ្រូ​បង្វឹក​មុន​ៗ​។ រីឯ​កីឡាករ ស្រាំង ទិ​ត្យ​ឈី ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ គ្រាន់តែ ទិ​ត្យ​ឈី រំពឹង​យ៉ាង​មុតមាំ​ថា វត្តមាន​របស់​លោក Leonardo នឹង​ផ្ដល់​ឱកាស​ច្រើន​សម្រាប់​កីឡាករ​កម្ពុជា ពោល​គឺ​គេ​ជឿជាក់ ១០០% តែម្ដង ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​ដ៏​មាន​បទពិសោធន៍​នេះ​។​



គួរ​បញ្ជាក់​ថា លោក Leonardo បាន​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​តុលា​នេះ នៅ​កីឡដ្ឋាន RSN ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ក៏ដូចជា​ការប្រកួត​មិត្តភាព​ផ្សេងៗ។ ក្នុង​នោះ​ក៏​ឃើញ​មាន​វត្តមាន​របស់​កីឡាករ​ថ្មី ២​រូប​បាន​ចូលរួម​ធ្វើ​តេស្ដ​សមត្ថភាព ដើម្បី​ស្វែងរក​ឱកាស​បញ្ចេញ​សមត្ថភាព ​ជាមួយ​ក្រុម​លី​គ​កំពូល​កម្ពុជា​នេះ​ផង​ដែរ​។ យ៉ាងណាមិញ​ចំពោះ​វត្តមាន​របស់​កីឡាករ ត្រូវ​បាន​កោះ​ហៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ពេលនេះ នៅ​មិនទាន់​ជុំ​គ្នា​នោះ​ទេ ដោយសារ​កីឡាករ​សំខាន់ៗ​មួយ​ចំនួន បាន​ជាប់​ក្រុម​ជម្រើស​ជាតិត្រៀម​ពានរង្វាន់ AFF Suzuki Cup 2018 នា​ពេល​ខាង​មុខ៕

អត្ថបទ៖ លី ឈុន​ឡា