ថ្នាក់ដឹកនាំ និង​គ្រូ​ជម្រើស​ជាតិ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​រំពឹង​ផ្ទុយគ្នា ក្នុង​បេសកកម្ម​ប្រកួត​អន្តរជាតិ​ដំបូង​នៅ​ឡាវ

107
លោក សុខ ខេមរិន្ទ អនុប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា

កីឡា​បាញ់​កាំភ្លើង៖ សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៧​នាក់ដើម្បី​ចូល​រួម​ប្រកួត​ជ្រើសរើស ជើងឯក​អាស៊ីអាគ្នេយ៍​លើកដំបូងនៃ​ព្រឹត្តិការណ៍ Loa IPSC Handgun Championship 2018 នៅ​ប្រទេស​ឡាវ ស្រប​ពេល​លោក សុខ ខេមរិន្ទ អនុប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា និង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​លោក Thomas Bavet បាន​បង្ហាញ​ពី​គោលដៅ ក៏ដូចជា​ក្ដី​រំពឹង​ផ្ទុយគ្នា​ក្នុង​បេសកកម្ម​នេះ។

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​លោក Thomas Bavet

ថ្លែងប្រាប់​អ្នកសារព័ត៌មានមុន​ឡើង​យន្តហោះ ចាក​ចេញពី​មាតុភូមិ​ម្សិលមិញ លោក សុខ ខេមរិន្ទ បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​លើ​កីឡាករ​-​កីឡា​ការិនី​កម្ពុជា ក្នុង​ការ​ប្រជែង​យក​មេដាយ​ណាមួយ​ជូន​ជាតិ ទោះបីជា​លើកដំបូង ព្រោះ​លោក​ជឿជាក់​លើ​ការ​ហ្វឹក​ហាត់​ របស់​អត្ត​ព​លិ​ក​កម្ពុជា​ជាច្រើន​ខែ​កន្លង​មក។ អ្វី​ដែល​សំខាន់​គឺ​លោក​បាន​ជំរុញកីឡាករ​-​កីឡា​ការិនី ត្រូវ​ផ្ដោត​សំខាន់​លើ​កាំភ្លើង​ខ្លួន​កាន់ ដើម្បី​តម្រង់​ទិសដៅឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ។​ លោក Thomas Bavet បាន​លើក​ឡើង​ថា បន្ទាប់ពី​កម្ពុជា​បង្កើត​ឲ្យ​មាន​ក្រុម​កីឡា​បាញ់​កាំភ្លើង​ផ្លូវការ លោក​សង្កេតឃើញ​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ​មាន​ទេពកោសល្យ តែ​ពួកគេ​ខ្វះ​បទពិសោធន៍ ដូច្នេះ​បេសកកម្ម​ចូលរួម​ប្រកួត​លើកដំបូង លើ​ឆាក​អន្តរជាតិ​នេះ​លោក​រំពឹង​ថា នឹង​ប្រមូល​យក​បទ​ពិសោធន៍​ឲ្យ​បាន​ច្រើន ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​ថ្ងៃ​អនាគត​។​



​គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​តាម​គម្រោង​មាន​អត្ត​ព​លិ​ក ​ក្នុង​តំបន់​អាស៊ាន​ចំនួន ៦​ប្រទេស​ចូល​រួម ដែល​ការប្រកួត​គ្រោង​ចាប់ផ្ដើម​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ខាងមុខ សមាសភាព​របស់​អត្ត​ព​លិ​ក​កម្ពុជា​រួមមាន​កីឡាករប្រាក់ ដេវីដ​, ថា​ន ចំរើន​, វុ​ធ​ថា ដាវ​ណ្ណ​ និងកីឡាករវង់ ពិសី​, កីឡា​ការិនី វង្ស សុខា​វីន​, យ៉ែម បារាំង និង​កីឡា​ការិនី ដួង សា​មាន៕
​អត្ថបទ៖ លី ឈុន​ឡា