វិនិយោគិន​អឺរ៉ុប នឹង​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែច្រើន​នៅ​ឆ្នាំ​២០១៩ ​ខាងមុខនេះ

127

ភ្នំពេញ ៖ ​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប អះអាងថា ​នៅ​ដើមឆ្នាំ​២០១៩ ​ខាងមុខនេះ ក្រុម​អ្នក​វិនិយោគិន​មកពី​អឺរ៉ុប នឹង​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​ច្រើន​ថែមទៀត​ ក្នុងការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ​ប្រកបដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​។

ពាក់ព័ន្ធ​វេទិកា​ ស្តីពី​ពន្ធដារ ដែល​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប (EUROCHAM) នៅ​សណ្ឋាគារ The Creat Duke នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នេះ លោក Arnaud Darc ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បាន​លើក​ឡើងថា ​តាមរយៈ​ការ​កែទម្រង់​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ ​របស់​អគ្គនាយកដ្ឋាន​​ពន្ធដារ ការរៀបចំ​វេទិកា​ សាធារណៈ​ស្តីពី​ពន្ធដារ ​គិត​មកដល់ពេលនេះ​បាន​រៀបចំ​៤​លើក​រួចមក​ហើយ ​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​ ដើម្បី​ពង្រីក​នូវ​ការប្រកួតប្រជែង​ស្មើភាព​គ្នា ​ប្រកបដោយ​តម្លាភាព ស័ក្ដិសិទ្ធិ​ភាព​ និង​សមធម៌​ ក្នុងចំណោម​សហគ្រាស​ទាំងឡាយ ​ទាំង​សហគ្រាស​អ្នក​ជាប់​ពន្ធ​តូច ​អ្នក​ជាប់​ពន្ធ​មធ្យម​ និង​អ្នក​ជាប់​ពន្ធ​ធំ​ជាដើម ។

ខណៈដែល​ប្រព័ន្ធ​ពន្ធដារ ​និង​រដ្ឋបាល​សារពើពន្ធ​កម្ពុជា​អនុវត្តន៍​បាន​កាន់តែ​ល្អប្រសើរ​នោះ លោក Arnaud Darc ​បាន​អះអាងថា ​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​ ក្រុម​អ្នក​វិនិ​យោគិន​មកពី​អឺរ៉ុប​ នឹង​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​ច្រើន​ថែមទៀត​ ក្នុងការ​ប្រកួតប្រជែង​ស្មើភាព​គ្នា​ ប្រកបដោយ​តម្លាភាព ​និង​ប្រសិទ្ធភាព​។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​បាន​ថ្លែង​លើកឡើងថា ​តាមរយៈ​ការ​អនុវត្តន៍​យ៉ាង​យកចិត្តទុកដាក់ នូវ​កំណែ​ទម្រង់រដ្ឋបាល និង​គោលនយោបាយ​សារពើពន្ធ ​ព្រមទាំង​ធ្វើ​ទំនើបកម្ម​ពន្ធដារ ដោយ​អនុវត្តន៍​ស្របតាម​យុទ្ធសាស្ត្រ​គៀង គរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​២០១៤២០១៨ ក្នុង​នោះ​ជា​លទ្ធផល​ការគ្រប់គ្រង​ប្រមូល​ពន្ធ ​និង​អាករ​គ្រប់​ប្រភេទ​ឆ្នាំ​២០១៧ សម្រេច​បាន​ជាង​១១៥% នៃ​ផែនការ​ច្បាប់ ដោយ ឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ ​បើ​គិត​ត្រឹម​ខែតុលា លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ ​សម្រេច​បាន​ជាង​៩៦% ដូច្នេះ​នៅក្នុង​ឆ្នាំនេះ ​អគ្គនាយកដ្ឋាន​ពន្ធដារ ​រំពឹងថា ​និង​ប្រមូល​បាន​លើស​ផែនការ​កំណត់​៕