ប្រមុខ​បាល់ទាត់​ពិភពលោក FIFA ថ្លែង​ថា​ ការប្រកួត World Cup នៅ​កាតា​នឹង​ល្អ​បំផុត​

138

បាល់ទាត់៖ ​ប្រធាន​បាល់ទាត់​ពិភពលោក FIFA លោក Gianni Infrantino​ បាន​ចុះ​ធ្វើ​ទស្សនកិច្ច​ដោយ​ផ្ទាល់ ​នៃ​ដំណើរ​ការសាងសង់​កីឡដ្ឋាន​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២២ នៅ​ប្រទេស​កាតា និង​បាន​ថ្លែង​សរសើរ​ថា ​វា​នឹង​ក្លាយ​ជា​ការប្រកួតប្រជែង​មួយ​ដ៏​ល្អ​ ដែល​កាតា​ជា​ម្ចាស់ផ្ទះ​។



​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​លោក Gianni Infrantino​ ដឹកនាំ​ប្រតិភូ​របស់​លោក​ជាច្រើន​ បាន​ចុះ​ផ្ទាល់​ដើរ​ពិនិត្យ​មើល​រាល់​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ដែល​បាន​ដំណើរការ​យ៉ាង​រលូន​ និង​រួច​រាល់​បាន​ប្រមាណ​ជាង ៦០​%​ហើយ​នៃ​កីឡដ្ឋាន​ទាំងមូល ដែល​ធ្វើ​ឲ្យ​ប្រទេស​ដែល​សម្បូរ​ខ្សាច់​មួយ​នេះ​ នឹង​ក្លាយ​ជា​កន្លែង​ដែល​អស្ចារ្យ​នៅ​ឆ្នាំ២០២២ ដោយមាន​កីឡដ្ឋាន​ថ្មី​ទាំង ៧​ផុស​ឡើង​។ ​​​គួរ​រំលឹក​ថា​ កាលពី​ឆ្នាំមុន​បាន​ជួប​រឿង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ នៅ​ពេល​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌីត, ​បា​រ៉ែ​ន, ​អារ៉ាប់​រួម ជាមួយ​នឹង​អេ​ហ្ស៊ី​បបាន​កាត់ផ្ដាច់​​ទំនាក់ទំនង​ការទូត, ផ្លូវ​ដឹកជញ្ជូន ​និង​ពាណិជ្ជកម្ម​ជាមួយ​កាតា​ ដោយ​ចោទប្រកាន់​ប្រទេស​មួយ​នេះ ​បាន​លួច​ផ្ដល់​ហិរញ្ញប្បទាន​ដើម្បី​ផ្គត់ផ្គង់​ដល់ក្រុម​ភេរវករ។



​​ទោះជា​យ៉ាងណាក៏ដោយ Qatar បាន​និយាយ​ថា ​ខ្លួន​កំពុងតែ​ជំរុញ​ឱ្យ​មាន​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​របស់​ខ្លួន ​ជាមួយ​នឹង​មហិច្ឆតា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត World Cup ដែល​ជា​យុទ្ធសាស្ត្រ​ស្នូល​នៃ​ទីក្រុង Doha ដើម្បី​រៀបចំ​គម្រោង​​មួយ​នេះនៅ​លើ​ឆាក​អន្តរជាតិ ​ហើយ​ចាប់​តាំង​ពី​ពេលនោះ​មក​ពួកគេ​ បាន​បើក​សម្ពោធ​កំពង់ផែ​ដែល​មាន​តម្លៃ 7.4ពាន់​លាន​ដុល្លារ ​ហើយ​រំពឹង​ថា​នឹង​បើកទ្វារ​រថភ្លើង​ក្រោម​ដី​ទំនើប​បំផុត ​ជា​លើកដំបូង​របស់​ខ្លួន​ផង​ដែរ​នៅ​ចុង​ឆ្នាំ​នេះ​។​ ​គួរ​បញ្ជាក់​ថា ​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កាតា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ២០២២ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​ ដែល​រៀបចំ​ចុង​ឆ្នាំ​ដែល​មាន ៣២​ក្រុម ​និង​ប្រកួត​ប្រជែង​គ្នា​លើ ៨​កីឡដ្ឋាន​ដែល​កំពុង​សាង​សង​ និង​ជួសជុល​មួយ​ចំនួន​ផង​ដែរ​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ