មន្ត្រី​ជាន់ខ្ពស់​វៀតណាម ​ស្នើ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម​ បន្ថែមទៀត

114

ភ្នំពេញ ៖ ​លោកជំទាវ ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈិមបក្ស​ និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត ​វៀតណាម​ បាន​ស្នើ​សុំ​រដ្ឋ ​សភា ​នីតិកាល​ទី​៦ បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា​វៀតណាម​ បន្ថែម​ទៀត​។

នៅ​ក្នុង​ជំនួប​សវនាការ​ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន​ ប្រធាន ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុលា នេះ នៅ​វិមាន​រដ្ឋសភា ​លោកជំទាវ ជុង ធី​ម៉ា​យ (Truong Thi Mai) ​សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈិម​បក្ស​និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​ស្នើសុំ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន​ ប្រធានរដ្ឋសភា​ នៅក្នុង​នីតិកាល​ទី​៦​នេះ ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​កម្ពុជា​ និង​រដ្ឋសភា​វៀតណាម បន្ថែមទៀត ​ទាំង​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ គណៈកម្មការ​ជំនាញ ក្នុង​ការ​តាក់តែង​ច្បាប់ ជាដើម ​ដើម្បី​បម្រើ​ផល​ប្រជា​យោជន៍​ប្រជាជន​ និង​ប្រទេស​ទាំងពីរ​។

លោកជំទាវ បាន​សម្តែង​ការ​សាទរ​ចំពោះ​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិ កាល​ទី​៦ របស់​ប្រទេស​កម្ពុជា​ ហើយ​ក្នុងនោះ​រាជរដ្ឋាភិបាល​ និង​រដ្ឋសភា​អាណត្តិ​ថ្មី បាន​ប្រសូត្រ​ ឡើង​ ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។

កម្ពុជា​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​គួរ​ឲ្យ​កត់សម្គាល់ ​ដែល នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ស្ថាប័ន​កំពូលៗ ​កម្ពុជា ​មាន​ស្ថាប័ន​នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រ​វាង​គណៈ​ចលនា មហាជន នៃ​ប្រទេស​ទាំងពីរ និង​បាន​លើកទឹកចិត្ត ជួយ​ជំរុញ និង​លើក​កម្ពស់​កិច្ចសហការ​នេះ ឲ្យ​កាន់ តែ​សកម្ម និង​ខ្លាំងក្លា​ថែមទៀត តាមរយៈ​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ ឲ្យ​បាន​កាន់តែច្រើន ​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។

នៅក្នុង​ជំនួប​សវនាការ​​នេះ ​ភាគី​ទាំងពីរ វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ ​ការ​រវាង​ប្រទេស​ទាំងពីរ​ លើ​គ្រប់​វិស័យ ​និង​យូរអង្វែង​” ហើយ​បាន​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា ​និង​វៀតណាម​ ជិត​ឈាន​ដល់​គោលដៅ​ហើយ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោកជំទាវ ជុង ធី​ម៉ា​យ ​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​កម្ពុជា ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ គ្នា​បន្ថែមទៀត​៕