គូរ​ដណ្ដឹង​របស់​លោក Khashoggi បដិសេធ​ការ​អញ្ជើញ​របស់​លោក ត្រាំ​

104

ទួរគី៖ គូរ​ដណ្ដឹង​របស់​អ្នកកាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ដែល​ត្រូវ​បាន​គេ​សម្លាប់​លោក Jamal Khashoggi និយាយ​ថា​ នាង​ស្រី​មិន​បាន​ទទួល​ការ​អញ្ជើញ​ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ទេ ​ដោយ​ភ័យខ្លាច​ថា​កិច្ច​ជំនួប​នេះ​នឹង​ជា​រឿង​នយោបាយ​ ហើយ​មេដឹកនាំ​រូប​នេះ​មិន​ស្មោះ​ត្រង់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​លោក ​ក្នុង​ការ​ដោះស្រាយ​លើ​ការ​សម្លាប់​របស់​អ្នកប្រឆាំង​នឹង​លោក​នោះ​ទេ​។

នាង​បាន​និយាយ​ថា នាង​បាន​ច្រានចោល​ការ​អញ្ជើញ​ ទៅ​ជួបលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រោះ​នាង​ជឿ​ថាវា​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។ នាង ហា​ទី​ស សែន​ហ្គី​ស បាន​យំ​ជាច្រើន​ដងក្នុង​ពេល​បង្ហាញខ្លួន ក្នុង​កិច្ច​សម្ភាសន៍​តាម​កញ្ចក់​ទូរទស្សន៍ជា​លើកដំបូងរបស់​នាង។ ស្ត្រី​ទួរគីរូប​នេះ​មិន​ជឿ​ថា សេត​វិមានមាន​ភាព​ស្មោះត្រង់ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ​នាំ​យក​យុត្តិធម៌​មក​ឲ្យគូរ​ដណ្ដឹង​របស់​នាង​ឡើយ។ នាង​បាន​និយាយ​ថា លោក ​ត្រាំ បាន​អញ្ជើញ​នាង​ទៅ​សហរដ្ឋ​អាមេរិក ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​នេះ ​ប៉ុន្តែ​ការ​និយាយ​របស់​លោក​ផ្ទុយគ្នា​កាលពី​មួយ​រយៈ​ពេល​ខ្លី​កន្លងទៅ​។ នាង​យល់ថា ​វា​ជា​ការ​ប៉ុនប៉ង​ដើម្បី​ឈ្នះ​ការ​អាណិត​អា​សូរ​សាធារណៈ។

​សែន​ហ្គី​ស ​គឺជា​មនុស្ស​ចុងក្រោយ​ម្នាក់​ដែល​បាន​ឃើញ​លោក​ Khashoggi នៅ​រស់​រាន​មាន​ជីវិត មុន​ពេល​លោក​ចូល​ទៅ​ក្នុងស្ថាន​កុងស៊ុល ​​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ ចាប់​តាំង​ពី​ពេល​នោះ​មកមិន​ដែល​បាន​ឃើញ​ទេ​។ ពេលវេលា​នៅ​ជាមួយគ្នាចុងក្រោយ​របស់​ពួកគេ​ ត្រូវ​បាន​ឃើញ​នៅ​លើ​កាមេរ៉ា​សុវត្ថិភាព​។ ​អារ៉ាប៊ី​សា​អ៊ូឌីត​បាន​អះ​អាង​ថា ​អ្នក​រិះគន់​នេះ​ត្រូវ​បាន​សម្លាប់​​ក្នុង​ប្រតិបត្តិការ​របស់​ក្រុម​ទុច្ចរិត​៕
អត្ថបទ៖ សុខ​មាន