អ៊ីស្រាអែល​សម្លាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ៤​នាក់​ក្នុង​ពេល​តវ៉ា​​នៅ​​ព្រំដែន​តំបន់​ហ្គា​ហ្សា​

112

ហ្គា​ហ្សា៖ ក្រុម​មន្ត្រី​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា​ កងកម្លាំង​អ៊ីស្រាអែល​បាញ់​សម្លាប់​ពល​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ៤​នាក់​ និង​រង​របួស​យ៉ាងហោចណាស់ ៥០​នាក់​ ​អំឡុង​ការ​តវ៉ា​នៅ​តាម​បណ្ដោយ​ព្រំដែន​​តំបន់​ហ្គា​ហ្សា ​កាលពី​ថ្ងៃ​សុក្រ​ទី​២៦ ខែ​តុលា​។​

​អ្នក​ស្លាប់ ​និង​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ នៅ​ទីក្រុង​ហ្គា​ហ្សា​ និង​ទីក្រុង ​Khan Younis។​ សេចក្ដីថ្លែងការណ៍​កងទ័ព​មួយ​បាន​និយាយ​ថា ​យោធា​អ៊ីស្រាអែល​បាន​ឆ្លើយតប​ ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ទីតាំង៣ ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហា​ម៉ាស​ ដែល​ជា​ក្រុម​អ៊ីស្លាម​ដែល​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​។ សេចក្ដីថ្លែងការណ៍​កងទ័ព​នោះ​និយាយ​ថា​ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ១៦០០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​ហ្កា​ហ្សា ​និង​បាន​គប់​គ្រាប់​បែក​ដៃ​ និង​គ្រាប់​បែក​ភ្លើង និង​ដុំ​ថ្ម​ទៅលើ​កងទ័ព​អ៊ីស្រាអែល​ ដែល​បាន​ឆ្លើយតប​ដោយ​មធ្យោបាយ​បំបែក​កុបកម្ម​ជាច្រើន និង​ការ​បាញ់​គ្រាប់​ពិត​នៅ​ពេល​ចាំបាច់​៕
អត្ថបទ៖ សុខ​មាន