ទឹក​ប្រាក់​ប្រមាណ​ ២​លាន​ដុល្លារ​គ្រោង​ចាយ​ទៅ​លើ​ការ​ជួសជុល​អាង​ហែល​ទឹក​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​

86

កីឡា​ហែល​ទឹក៖ ទឹកប្រាក់​ប្រមាណ​ជា ២​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ដាក់​ចំណាយ​ក្នុង​ការ​ជួស​ជុល និង​ស្ដារ​ឡើង​វិញ​នូវ​អាង​ហែល​ទឹក នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​គ្រោង​ប្រើ​ប្រាស់​រយៈ​ក្នុង​ការ​ជួសជុល​នេះ​ប្រមាណ​ជា​៧​ ទៅ​ ៨​ខែទើប​រួចរាល់​ជា​ស្ថាពរ​។ នេះ​ជា​ការ​លើកឡើង​របស់ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក។



​ក្រោយ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ឯកឧត្ដម​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក បាន​មានប្រសាសន៍ថា ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ធំ ​នៃ​អាង​ហែល​ទឹក​ត្រូវ​បាន​ខូច​ខាត និង​មិន​ត្រូវ​ទៅតាម​កម្រិត​ស្តង់ដារ និង​មិន​អាច​អាច​បម្រើ​សម្រាប់​ការ​ប្រកួត​កម្រិត​អន្តរជាតិ​បាន ដូច្នេះ​យើង​នឹងជួសជុល​សាងសង់​ឡើងវិញ ដោយ​អាង​ទាំងមូល​មាន​បណ្ដោយ ​៥០​ម៉ែត្រ និងទទឹង​ ២៥​ម៉ែត្រ ខ្សែបន្ទាត់​ចំនួន ​១០​ត្រូវ​ទៅតាម​ស្តង់ដារ​សហព័ន្ធ​ហែល​ទឹក​អន្តរជាតិច្បាប់​ថ្មី ដែល​បាន​កំណត់​។​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ការសាងសង់​ស្ថាបនា​កន្លែង​ចាស់​ឡើងវិញ​នេះ គឺជួយ​សម្រួល​កន្លែង​ស្តង់ដារ​សម្រាប់​ការ​ហ្វឹក​ហាត់ និង​ប្រកួត​របស់​កីឡាករ-កីឡា​ការិនី​ហែល​ទឹក ដើម្បី​បង្កើន​សមត្ថភាព​ឆ្ពោះ​ទៅ​ប្រកួតប្រជែង​ដោយ​គុណភាព​ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ​ខាងមុខដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​គួរ​រំលឹក​ថា អាង​ហែល​ទឹក​នេះគឺជា​សមិទ្ធផល​របស់​អតីត​បិតា​ស្ថាបត្យករ លោក វណ្ណ មូល្លី​វណ្ណ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦៧ គិត​មកដល់​បច្ចុប្បន្នមាន​អាយុកាល​ជាង​ ៥០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​អាង​ហែល​ទឹក​នេះគឺជា​អាង​ ដែរ​មាន​ស្តង់ដារ​កម្រិត​អន្តរជាតិ​មុន​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា មាន​បណ្ដោយ ​៥០​ម៉ែត្រ និងទទឹង​ ២១​ម៉ែត្រ និង​ខ្សែបន្ទាត់​មាន​៨ ព្រមទាំង​មាន​អាង​លោត​ទឹក​១ មាន​ឈ្នាន់​លំ​នឹងសម្រាប់​លោត​ទឹក​កម្ពស់ ​១០​ម៉ែត្រ​៕