អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៤​ថ្ងៃ

133

ភ្នំពេញ៖ ​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាបថា តប​តាម​ការ​អញ្ជើញ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស ដឹកនាំ​ដោយ ឯកឧត្តម Zhang Chunxian អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស មានកម្ម​វិធី​គ្រោង​ជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ជាអាទិ៍​៖ ជួប​សម្តែង​ការគួរសម​និង​ធ្វើ​សវនាការ​ជា​មូ​យ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ​ជួប​សម្តែង​ការគួរសម​និង​ធ្វើ​សវនាការ​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ជួប​សម្តែង​ការគួរសម​និង​ធ្វើ​សវនាការ​ជា​មួ​យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ទស្សនា​ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ និង​ប្រាសាទ​មួយចំនួន ក្នុង​ខេត្តសៀមរាប​៕​