ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ដែល​លួច​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នឹង​ត្រូវ​ចាត់វិធានការ​ច្បាប់​

168

ភ្នំពេញ ៖ ​ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ​តាមរយៈ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បាន​ព្រមាន​ចាត់​វិធាន​ ការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរឹង ​ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ណា ​ដែល​នៅតែ​គឃ្លើន​លួច​បើក​អាជីវកម្ម ​ប្រមូល ​ផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់ ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ​តាមផ្លូវ​ច្បាប់​កំណត់​។

ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ តំណាង​ឧត្ដម សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ​ ក្នុង​ពិធី​បិទ វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ​លើក​ទី​៨ កាលពី​ម្សិលមិញ បាន​ថ្លែងថា «​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិ សុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន​ណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ នៅតែ​បន្ដធ្វើ​សកម្មភាព​ជ្រើសរើស ​ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​តាម​អនុ ក្រឹត្យ ស្ដីពី​ការគ្រប់គ្រង​សន្ដិសុខ​ឯកជន​ ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៣»​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បានឱ្យដឹងថា យោងតាម​អនុក្រឹត្យ​នេះ នឹងត្រូវ​ផាក​ពិន័យ​ជា​ប្រាក់ ចំនួន ២០​លាន​រៀល ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ដែល​មិនបាន​សុំ​អនុញ្ញាត​ច្បាប់​ពី​ក្រសួងមហាផ្ទៃ និង ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ​ចំពោះ​សហគ្រាស​គ្រឹះស្ថាន​ណា ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ពុំបាន​សុំ​អនុញ្ញាត​ច្បាប់​ពី​សាលា​រាជធានី​-​ខេត្ត រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។

ទន្ទឹមនឹង​ការ​ប្រឈម​ជាមួយ​ទោសទណ្ឌ​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ​ដែល​មាន​នាយក ដ្ឋា​ន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ជា​សេនាធិការ សុំ​អំពាវនាវ​ដល់​គ្រប់​បណ្ដា​ក្រុមហ៊ុន និង​សហគ្រាស​សន្ដិ សុខ​ឯកជន​ទាំងអស់ មុននឹង​ដំណើរការ ដាច់ខាត​ត្រូវតែ​សុំ​គោលការណ៍ និង​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ ព័ន្ធ​ជាមុនសិន​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី បាន​ណែនាំ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ផ្ដល់​សេវាកម្ម និង សហគ្រាស​គ្រឹះស្ថាន ត្រូវ​ចាត់​បញ្ជូន​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​របស់ខ្លួន ​ទៅ​ទទួល​ការ​បណ្ដុះបណ្ដាល ​តាម ការស្នើសុំ​របស់​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ​ស្របតាម​អនុក្រឹត្យ ដែល​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ទាំងអស់ ត្រូវតែ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕