អភិបាល​ខេត្តកំពត ​ជំរុញ​សាខា​ពន្ធដារ​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ការ​លើក​ផែនការ​ចំណូល​ប្រចាំឆ្នាំ

162

កំពត ៖ អភិបាល​ខេត្តកំពត ​បានលើកឡើងថា ​ការលើក​ផែនការ​ចំណូល​ប្រចាំឆ្នាំ ត្រូវធ្វើ​ការ​ព្យាករណ៍​ឲ្យ​បាន ​ល្អិតល្អន់ ព្រោះ​ពេលកន្លងមក ​ផែនការ​ចំណូល​ប្រចាំឆ្នាំ ​ហាក់បីដូច​កំណត់​មិន​សមស្រប និង​គ្មាន​តុល្យ ភាព​នឹង​ការប្រមូល​ចំណូល​ជាក់ស្តែង​របស់​ខេត្ត ​ធ្វើ​ឲ្យ​ខេត្ត​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ក្រសួង​តិច ​យកមក អភិវឌ្ឍ​ខេត្ត​។

នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល​ខេត្តកំពត កាលពី​ម្សិលមិញ ដែល​បាន​ពិនិត្យ​ពិភាក្សា ដោះស្រាយ និង​បង្កើន​ការអនុវត្ត​ការងារ​អភិវឌ្ឍន៍​បន្ត ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ​ការងារ​មួយចំនួន ​ដល់​មន្ត្រី​ជំនាញ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ខេត្ត​ឲ្យ​ស្របតាម​ការ​វិវត្ត​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា ដោយនៅ ក្នុងនោះ ឯកឧត្ដម ​បាន​ជំរុញ​ឱ្យ​អង្គភាព​សាខា​ពន្ធដារ​ខេត្ត មន្ទីរ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹង​ប្រាក់ ចំណូល ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត ​ទាំង​ការងារ​ប្រមូល​ប្រាក់​ចំណូល​ជូន​រដ្ឋ និង​ការ​ធ្វើផែនការ ​ចំណូល​ប្រចាំឆ្នាំ ព្រោះ​កញ្ចប់​ថវិកា​ដាក់​សំណើរ​​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​យក​មក​កសាង និង​អភិវឌ្ឍ​ខេត្ត ​ត្រូវមាន​សមតុល្យ​នឹង​ផែនការ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​។

ឯកឧត្ដម បាន​បញ្ជាក់ថា ការលើក​ផែនការ​ចំណូល​ប្រចាំឆ្នាំ ត្រូវធ្វើ​ការព្យាករណ៍​ឲ្យ​បាន​ល្អិតល្អន់ ព្រោះ​ពេលកន្លងមក ​ផែនការ​ចំណូល​ប្រចាំឆ្នាំ ​ហាក់បីដូច​កំណត់​មិន​សមស្រប និង​គ្មាន​តុល្យភាព នឹង​ការ ប្រមូល​ចំណូល​ជាក់ស្តែង​របស់​ខេត្ត ធ្វើ​ឲ្យ​ខេត្ត​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ក្រសួង​តិច យកមក​អភិវឌ្ឍ​ខេត្ត​។

របាយការណ៍​សាខា​ពន្ធដារ​ខេត្តកំពត គិត​ត្រឹម​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ បាន​បង្ហាញថា ​ការ ប្រមូលប្រាក់​ពន្ធ អាករ គ្រប់​ប្រភេទ បង់​ចូល​រតនាគារ​ខេត្ត បាន​ចំនួន​ប្រមាណ​២​ពាន់​៩៥៩​លាន​រៀល បើ​ប្រៀបធៀប​នឹង​ផែនការ​ឆ្នាំ​២០១៨ ស្មើនឹង​១៥០,៨​ភាគរយ ​តែ​ការលើក​ផែនការ​ចំណូល​ប្រចាំឆ្នាំ​ តិច ជាង​ការប្រមូល​ប្រាក់ចំណូល​ជាក់ស្តែង​ ធ្វើ​ឲ្យ​ខេត្ត ​មិនអាច​យក​ថវិកា ដែល​លើស​ផែនការ​មក​ធ្វើការ​អភិវឌ្ឍ​ខេត្ត​បាន​។

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ យក ចិត្ត​ទុកដាក់​ក្នុងការ​អនុវត្ត​ការងារ នៅក្នុង​ដែន​សមត្ថកិច្ច និង​ជំនាញ​របស់ខ្លួន​ ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម ទៀត ហើយ​ចៀសវាង ពេល​មាន​បញ្ហា​កើតឡើង នាំគ្នា​ឆ្លើយថា ​មិន​ដឹង​នោះឡើយ​ ព្រោះ សម្តេចតេ​ជោ​ បាន លើកឡើង​ច្បាស់​ហើយ​ថា ​នៅក្នុង​អាណត្តិ​ទី​៦​នេះ​ ត្រូវធ្វើ​ឲ្យ​បាន​ច្រើនជាង​មុន ល្អ​ជាង​មុន និង​មាន ប្រសិទ្ធភាព​ជាង​មុន​៕