Rafael Nadal ​ដក​ខ្លួន​ពី Paris Masters នឹង​បាត់បង់​តំណែង​លេខ១ ​ពិភពលោក​ទៅ​​ Djokovic

187

តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal​ នឹង​បាត់បង់​តំណែង​លេខ​១ ​ពិភពលោក​របស់​ខ្លួន បន្ទាប់ពី​សំរេច​ចិត្ត​ដក​ខ្លួន​ចេញពី​ព្រឹត្តិការណ៍ Paris Masters មុន​ការប្រកួត​ជាមួយ​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ Fernando Verdasco​។

​​Nadal​ ដែល​មិន​ចូលរួម​ប្រកួត​កម្មវិធី​ណាមួយ​សោះ​ តាំងពីនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ U.S.Open នោះ បាន​សំរេច​ចិត្ត​ដក​ខ្លួន​ដោយសារ​បញ្ហា​របួស​។​ ​Nadal​ ត្រូវការ​ឈ្នះ Fernando Verdasco ​ដើម្បី​រក្សា​តំណែង​លេខ​១ ​ពិភពលោក​របស់​ខ្លួន តែ​នៅ​ពេល​នេះតំណែង​នេះ​នឹង​ធ្លា​ក់​មក Djokovic​ តែ​ក៏​ត្រូវ​ចាំ​មើល​ថា ​កីឡាករ​ស៊ែ​ប​រូប​នេះ​ធ្វើដំណើរ​បាន​កំរិត​ណា​នៅ Paris នេះ​។​ ​Novak Djokovic ​ដែល​វិ​ល​ចូល​ទីលាន​ប្រកួត​វិញ​បន្ទាប់ពី​របួស​នោះ បាន​យកឈ្នះ​ជើងឯក Wimbledon, U.S.Open​។ នៅ Paris Masters នេះគេ​ទើបតែ​យកឈ្នះ​កីឡាករ​ព័រទុយហ្កាល់ Joao Sousa នៅ​វគ្គ 16នាក់​ចុងក្រោយ​។

​​ក្រៅពី Nadal ​ដែល​ដក​ខ្លួន, កីឡាករ​កាណាដា Milos Raonic​ ក៏បាន​ដក​ខ្លួន​ដែរ ​មុន​ការប្រកួត​ជុំ​ទី​២ ​ជាមួយ Roger Federer ដោយសារ​របួស​កែងដៃ​ខាង​ស្តាំ​។​ ​Roger Federer កំពុង​ស្វែងរក​ពាន​ទី​100 របស់​ខ្លួន​ក្នុង​អាជីព​ ប្រសិនបើ​ឈ្នះ​នៅ Paris Masters​ នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ