កម្ពុជា​រំពឹង​មេដាយ​មាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ អាច​កើន​ពី ២ ទៅ ៣​ដង

280

កីឡា​ស៊ី​ហ្គេម៖ បន្ទាប់ពី​ហ្វីលីពីនព្រម​ទទួល​សំណើ ​បញ្ចូល​កីឡា​សក្ដានុពល​មួយ​ចំនួន​របស់​កម្ពុជា សម្រាប់​ដំណាក់កាល​ទី​១ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ ឆ្នាំ​២០១៩ កម្ពុជា​បាន​ចាត់​ទុក​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយ ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជាបង្កើន​ខ្ទង់​មេដាយ​មាស ២ ទៅ ៣​ដង ប្រសិនបើ​សំណើ​របស់​កម្ពុជាទទួល​បាន​ជោគជ័យ ១០០% ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍នា​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​បាន​ឲ្យ​ដឹង​ថា ពេលនេះ​កម្ពុជា​បាន​សម្រេច​គោលដៅ ៩០% ហើយ ក្នុង​ការ​ស្នើ​បញ្ចូល​កីឡា​មាន​សក្ដានុពល​ខ្លួន ចូល​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៩។ ហេតុនេះ​ក្ដី​រំពឹង​បង្កើន​ខ្ទង់​មេដាយ​មាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​ក្រោយ ត្រូវ​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​នា​ថ្ងៃ​ទី​២៣-២៤ ខែ​វិច្ឆិកា​ខាងមុខ។​ គួរ​បញ្ជាក់​ថា ប្រភេទ​កីឡា​សក្ដានុពល​ដែល​កម្ពុជា​បាន​ស្នើ​ហ្វីលីពីន រួមមាន​កីឡា​សូ​ហ្វ​តេ​ន្នី​ស​, វាយ​កូន​បាល់​, ​វ៉ូ​វី​ណា​ម​, ប៉េតង់​, ជឺ​ជិត​ស៊ូ​, កីឡា​អេឡិចត្រូនិក និង​កីឡា​ម៉ូតូ​ទឹក តែ​ក្នុង​នោះ ៩០% ត្រូវ​បាន​ម្ចាស់ផ្ទះ ព្រម​ទទួល​ក្នុង​កិច្ចប្រជុំ​សម្រេច​លើក​ទី​១ កាល​ពី​ពេល​ថ្មីៗ នៅឡើយ​តែ​កីឡា​ម៉ូតូ​ទឹក​មួយ​ប៉ុណ្ណោះ ដែល​ហ្វីលីពីនកំពុង​ពិចារណា ព្រោះ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រៀបចំ​ការប្រកួត។ ចំពោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ វិញ គ្រោង​រៀបចំ​ចុង​ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកាដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩៕

អត្ថបទ៖ លី ឈុន​ឡា