ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​ឱ្យ​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ជាង​៧០០​លាន​ដុល្លារ​អាមេរិក

275

ភ្នំពេញ ​៖ គិត​ត្រឹម​ខែ​សីហា ​ឆ្នាំ​២០១៨​នេះ​ រោងចក្រ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​១៣​ ថ្មី​ទៀត ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​អនុម័ត​ឲ្យ​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​ទុនវិនិយោគ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក​។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​ខែ​ពេញ​ក្នុង​ខែសីហា​ ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ​( CDC )​ បានសម្រេច​ចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជី​ ជា​ស្ថាពរ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​១៣ ​ក្រុមហ៊ុន ​ដើម្បី​បើក​រោងចក្រ ​និង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា ​ដែល​សរុប​ទុន​វិនិយោគ​រហូតដល់​ជាង​៧០០​លាន​ដុល្លារ​អាមេរិក បង្កើត​ការងារ​រាប់​ម៉ឺន​កន្លែង​។

ក្រុមហ៊ុន​ទាំង​១៣​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​រួមមាន ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​សណ្តែក ​ស្រុក​ប្រាសាទបាគង ​ខេត្តសៀមរាប​ និង​អាច​បង្កើត​ការងារ​បាន ១៧៩​កន្លែង​។

ក្រុមហ៊ុន BOONMA HENG CO.,LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​៣៩២​បន្ទប់ និង​មជ្ឈមណ្ឌល ​ពាណិជ្ជកម្ម «​ផ្សារ​ទំនើប​» ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​ និង​អាច​បង្កើត​ការងារ​បាន ៨៣៦​កន្លែង​។

ក្រុមហ៊ុន RONG WIN GARMENT CO.,LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ J សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ ​ភូមិ​ដំណាក់​ធំ​២ ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ និង​អាច​បង្កើត​ការងារ​បាន ​២,១២១​កន្លែង​។

ក្រុមហ៊ុន E 1 RENEWABLE ENERGY CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រេងម៉ាស៊ូត​ពី​សំណល់​ប្លា​ស្ទិ​ក ​និង​សំណល់​ប្រេងម៉ាស៊ីន (​ប្រមូល​ទិញ​ក្នុងស្រុក​) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បង្កើត​ការងារ​បាន ​២,១២១​កន្លែង​។​

ចំណែក ក្រុមហ៊ុន G.W GREENWAYS TEXTILE CO.,LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ប៉ាក់​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិបន្លា​ស្អិត ​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ (​អតីត​ខណ្ឌឫស្សីកែវ​) ​រាជធានី​ភ្នំពេញ ​អាច​បង្កើត​ការងារ​បាន​ ១,៩២៨​កន្លែង​។

ក្រុមហ៊ុន QIHANG NEW (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំដួល ​ឃុំ​ត្រពាំង​គង ​ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ និង​អាច​បង្កើត​ការងារ​បាន ៣,៣២៥​កន្លែង​។

ក្រុមហ៊ុន HENG MEILING (CAMBODIA) TEXTILE CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ​និង​អាចបង្កើត​ការងារ​បាន ៦៤៩​កន្លែង​។

ក្រុមហ៊ុន EAR CHHUNG HONG INVESTMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ខ្ចប់​ពី អាលុយមីញ៉ូម (ALUMINUM FOILS) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​អាចបង្កើត​ការងារ​បាន ៩៣​កន្លែង​។​

ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD.” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បង្កើត​ការងារ​បាន ២១,៦៨៤ កន្លែង​។

ក្រុមហ៊ុន GGU (CAMBODIA) CLOTHING CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្កើត​ការងារ​បាន ៨៥៩​កន្លែង​។

ក្រុមហ៊ុន TING SHEN INDUSTRIAL CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ ខ្សែភ្លើង​អគ្គិសនី​គ្រប់​ប្រភេទ និង​ឧបករណ៍​ត​ចរន្ត មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ​ខេត្តស្វាយរៀង ​បង្កើត​ការងារ​បាន​ចំនួន ​៣៤៨​កន្លែង​។

ក្រុមហ៊ុន GREEN LEADERS STARCH FOOD FIRST FACTORY CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​កសិផល​ដំឡូង​មី ​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ​ បង្កើត​ការងារ​បាន​ចំនួន​៣៧​កន្លែង​។

ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ​និង​វេច​ខ្ចប់​កសិផល​នាំចេញ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ​ ឃុំ​ត្រពាំង​ភ្លាំង ​ស្រុក​ឈូក ​ខេត្តកំពត អាច​បង្កើត​ការងារ​បាន ​៥៧២​កន្លែង​៕