នាយ​ឧ​ត្ត​ម​សើ​នី​យ៍​ នេ​ត សាវឿន ៖ ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ការពារ​ឲ្យ​បាន​ដាច់ខាត​នៅ​សន្តិសុខ​ក្នុង​ថ្ងៃ​៩វិច្ឆិកា​

161

ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត​ នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ​បាន​ជំរុញ​ដល់​កម្លាំង​សមត្ថកិច្ច ទាំងអស់​ដែល​មាន​តួនាទី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​ឆ្នាំ ​ថ្ងៃ​៩ វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ឲ្យ​បានល្អ​ ខណៈ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ពីរម៉ឺន​ប្រាំ​ពាន់​នាក់​​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​ដើម្បី​ត្រៀម​សម្រាប់​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​ឆ្នាំ នា​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម​ ទួ​ច ណា​រុថ ​អគ្គ​ស្នងការរង​នគរបាលជាតិ​ បាន​ឲ្យ​ដឹងថា​ នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ​នេ​ត សាវឿន ​បាន​ប្រាប់​ដល់​កម្លាំង​សមត្ថកិច្ច​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិ ​សុខ​គ្រប់​ទីកន្លែង​ជាពិសេស​នៅ​ម្តុំ​ព្រះបរមរាជវាំង វិមានឯករាជ្យ ​និង​តាមផ្លូវ​សាធារណៈ​ដោយសារតែ​ថ្ងៃ បុណ្យ​ឯករាជ្យ​ឆ្នាំនេះ ​នឹងត្រូវ​ប្រារព្ធ​ធំ​ជាង​ឆ្នាំ​រាល់​ដង ​ ហើយ​អ្នកចូលរួម​ក៏​ច្រើនជាង​ឆ្នាំ​មុនៗ​ផងដែរ​។

ឯកឧត្តម ទួ​ច ណា​រុថ​ បានបញ្ជាក់​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ទៀតថា​ នៅក្នុង​ឱកាស​បុណ្យ ​ឯករាជ្យ​លើក​ទី​៦៥​ឆ្នាំនេះ​តាមផ្លូវ​មួយចំនួន​នឹង​ត្រូវ​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ​និង​ផ្លូវទឹក​កាត់​តាម មុខ​ព្រះបរមរាជវាំង​ក៏ត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​មួយ​ព្រឹក​ពេញ​ផងដែរ ​ដើម្បី​ជៀសវាង​ការ​រំខាន​និង​ទិដ្ឋភាព​មិនល្អ​ជាដើម​នោះ​។

សូមបញ្ជាក់ថា ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ​កម្ពុជា ​នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​បុណ្យ​ឯករាជ្យ​របស់ខ្លួន​លើក​ទី​៦៥(៩​វិច្ឆិកា​១៩៥៣៩​វិច្ឆិកា​២០១៨) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​នរោត្តម​ សីហមុនី​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឥស្សរជន ​ជាន់ខ្ពស់​ខ្មែរ​ជាច្រើន​ទៀត​៕