រយៈពេល​៩​ខែ​ឆ្នាំនេះ​ពលរដ្ឋ​ខ្មែរ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​ទៅ​កម្សាន្ត​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​ខេត្ត​ក្វាង​ស៊ី​

188

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្ត​ក្វាង​ស៊ីក្នុង​រយៈពេល​៩​ខែ​មកនេះ ។​

ក្នុង​រយៈពេល​៩​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​១៥៧០០​នាក់ បានធ្វើ​ដំណើរ​កំសាន្ត នៅតាម​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ដែល​ចំនួន​នេះ​មានការ​កើនឡើង ជាង​ឆ្នាំ​២០១៧​។​

​​​លោក Frank តំណាង​គណៈកម្មាធិការ អភិវឌ្ឍន៍​ខេត្ត​ក្វាង​ស៊ី បាន​ប្រាប់​អ្នកសារព័ត៌មាន​ខ្មែរ ក្នុងឱកាស​ស្វែងយល់ ទិដ្ឋភាព​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ ក្រៅ​ស្រុក​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​មកលេង​កម្សាន្ត នៅ​ក្វាង​ស៊ី ៩​ខែ​នេះ​កើនឡើង ជាង​ឆ្នាំ​២០១៧ ប្រមាណ​ជា ៥២,៨​ភាគរយ ។​

លោក​បន្តថា សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​២០១៧ មាន​ពលរដ្ឋ​ខ្មែរ មកលេង​តែ ១៣៣០០​នាក់ ប៉ុណ្ណោះ​។ លោក Frank ក៏បាន​លើកឡើង ពី​ការផ្សព្វផ្សាយ ពី​ផលិតផល​ទេសចរណ៍ និង​តំបន់​ដ៏​មាន​សក្តានុពល របស់​ខេត្ត​ក្វាង​ស៊ី​ទៅ​ប្រទេស​កម្ពុជា ផងដែរ​។​

​​​ក្នុងនោះ លោក​បាន​អះអាងថា ខេត្ត​ក្វាង​ស៊ី​មានការ​អភិវឌ្ឍ រីកចំរើន​ជាខ្លាំង ហើយ​ភាគខាងត្បូង នៃ​ខេត្ត​ជា​តំបន់​ស្វយ័ត និង​ជា​បង្អួច​ត​ភ្ជាប់​ជាមួយ​ជា​ប្រទេស​ចិន ដែលមាន​ឧត្តមភាព ភ្ជាប់​ជាមួយ​ប្រទេស​អាស៊ាន​។ ខេត្ត​ក្វាង​ស៊ី​ជា​តំបន់​ទេសចរណ៍​សំខាន់ និង​កំពុង​យកចិត្តទុកដាក់ ពង្រីក​បន្ថែមទៀត ដែលជា​តំបន់​ចាប់អារម្មណ៍ ដោយសារ​ខេត្ត​មួយ​នេះ មាន​វ័យ​ចំណាស់ ប្រភព​វប្បធម៌​ល្អ រមណីយដ្ឋាន​ជា​ប្រវត្តិសាស្ត្រ មាន​បេតិកភណ្ឌ​មួយ ដែលជា​គំនូរ​នៅលើ​ជញ្ជាំង និង​មាន​បឹង​ជា​ប្រវត្តិសាស្ត្រ។​

​​​ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ចិន ក៏​ត្រៀមលក្ខណៈ សម្រាប់​បង្កើត​ជើងហោះហើរ​ត្រង់ ពី​ទីក្រុង​ណាន​នី​ង ទៅមក​រាជធានី​ភ្នំពេញ​ផងដែរ បើ​មាន​តម្រូវការ​ទីផ្សារ​ចាំបាច់ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ឯកជន​កំពុងដំណើរការ​ហោះហើរ​ត្រង់​៕​