​សម្តេច​តេជោ ​ហ៊ុន​ សែន បន្ត​អញ្ជើញ​ជួប​សំណេះ​សំណាល​​ជា​មួយ​កម្មករ ​និយោជិត​ជាង ​២​ម៉ឺននាក់​នៅ​ក្នុង​ខេត្ត​តាកែវ​

214

តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រីបាន​បន្តអញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ ​និយោជិត​ប្រមាណ ​ជាង២​ម៉ឺន​៣​ពាន់​នាក់​ទៀត​មក​ពី​រោងចក្រ ​សហគ្រាស​ចំនួន​២០​មក​តាម​ស្រុក​នានា​នៅ​ក្នុង​ខេត្ត​តាកែវ​។  ពិធី​សំណេះ​សំណាល​នេះ ​ធ្វើឡើង​នៅ​ភូមិ​ថ្នល់​ទក្សិណ ​ឃុំ​ក្រាំង​ធ្នង់​ ស្រុក​បាទី​ ខេត្ត​តាកែវ​។ ជំនួប​សំណេះ​សំណាល​នេះ​ គឺ​ជា​ការ​ជួបសំណេះ​សំណាល​លើក​ទី​២​សម្រាប់​កម្មករ ​និយោជិត​នៅ​ក្នុង​ខេត្ត​តាកែវ។​

បើតាម​របាយការណ៍​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​បាន​ឲ្យ​ដឹង​ថា ​រោង​ចក្រ ​សហគ្រាស​ទាំង​២០ ​ដែល​អនុញ្ញាត​ឲ្យ​កម្មករ ​កម្មការិនី​ជួប​សំណេះ​សំណាល​ដោយ​ផ្ទាល់​ជា​មួយ​សម្តេច​នៅ​ថ្ងៃ​ នេះ ​មាន​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ចំនួន​១៣ ​ផលិត​ស្បែក​ជើង​ចំនួន៦ ​និង​បោះពុម្ព​លើ​សម្លៀក​បំពាក់​ចំនួន​១​។

រដ្ឋមន្ត្រី ​អ៊ិត ​សំហេង ​បាន​ឲ្យដឹ​ង​ដែរ​ថា​ ផលិត​ទាំង​អស់​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។ ​បច្ចុប្បន្ន​ខេត្ត​តាកែវ ​មាន​សហគ្រាស ​គ្រឹះ​ស្ថាន​ចំនួន​១១៤ ​មាន​កម្មករ ​និយោជិត​ ៤៦.៩៩០​នាក់​។ ក្នុង​នោះ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង​មាន​ចំនួន​៣៧ ​មាន​កម្មករ ​និយោជិត​ចំនួន ​៣៨.១៥៨នា​ក់​ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត​ ៩២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

ឯកឧត្ដម អ៊ិត ​សំហេង ​បាន​ចាត់​ទុក​វត្ត​មាន​រោង​ចក្រ ​សហគ្រាស​នៅ​ក្នុង​ខេត្ត​តាកែវ ​គឺ​ជា​ជោគ​ជ័យ​នៃគោល​នយោបាយ​ទាក់​ទាញ​វិនិយោគ,​ ការ​ពង្រាយ​រោង​ចក្រ​ទៅ​តាម​បណ្តា​ខេត្ត​, គោល​នយោបាយ​ជាតិ​ស្តីពី​មុខរបរ​ និង​ការងារ​, គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា,​ គោល​នយោបាយ​ស្តីពី​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ និង​ក្រប​ខណ្ឌ​គោល​នយោបាយ​ជាតិ​គាំ​ពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

សូម​បញ្ជាក់​ថា ដើ​ម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅ​មុខ​កាន់​តែ​ខ្លាំង​ក្លា​សម្តេច​តេជោ ​ហ៊ុន សែន​ បាន​ចាប់​ផ្តើម​ចុះ​ជួប​សំណេះ​សំណាល​ដោយ​ផ្ទាល់​ជាមួ​យ​កម្មករ ​កម្មការិនី​តាំង​ពី​ថ្ងៃ​ទី​២០ ​ខែ​សីហា ​ឆ្នាំ២០១៧។​ មក​ដល់​បច្ចុប្បន្ន​សម្តេច​តេជោ ហ៊ុន ​សែន ​បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ​ កម្មការិនី​ ប្រធាន​រដ្ឋបាល ​ប្រធាន​ផ្នែក​ ប្រធាន​ក្រុម​សរុប​ចំនួន​ ៥៨​លើក​ ដែល​មាន​អ្នក​ចូលរួ​មស​រុប​ ៨២៤.០៣៤នាក់។

តាម​រយៈ​ជំនួ​ប​ជា​បន្ត​បន្ទាប់​នេះ ​សម្តេចតេជោ ​ហ៊ុន សែន បាន​ដាក់​ចេញ​គោល​នយោបាយ​ជា​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​កម្មករ​ កម្មការិនី ​ហើយ​បញ្ហា​មួយ​ចំនួន​ដែល​ប្រឈម​សម្រាប់​ការ​រស់​នៅ​របស់​កម្មករ ​កម្មកា​រិនី​ ក៏​ត្រូវ​បាន​ដោះស្រា​យ​ជាប​ន្ត​បន្ទាប់​ផង​ដែរ៕​