សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​ប្រេង​ឆៅ​អ៊ីរ៉ង់ តែ​អនុញ្ញាត​ឲ្យ​ប្រទេស​ចំនួន៨​ បន្ត​នាំ​ចូល​ប្រេង​

77

អាមេរិក៖ កាលពី​ថ្ងៃ​ចន្ទ​​កន្លង​ទៅ​ សហរដ្ឋអាមេរិក​​បាន​ដាក់​ទណ្ឌកម្ម​ប្រេង​ឆៅ​របស់​ប្រទេស​អ៊ីរ៉ង់ និង​ឧស្សាហ​កម្ម​ដឹកជញ្ជូន​មួយ​ចំនួន ខណៈ​ដែល​ពួកគេ​អនុញ្ញាត​បណ្ដោះអាសន្ន​ ដល់​អតិថិជន​កំពូល​ៗ​ដូចជា​ចិន និង​ឥណ្ឌា​បន្ត​ទិញ​ប្រេង​ឆៅ​ពី​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​។

​ដោយ​បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ដូ​ណា​ល់ ត្រាំ បាន​ព្យាយាម​បង្កក​សេដ្ឋកិច្ច​អ៊ីរ៉ង់ ដែល​ពឹង​ផ្អែកលើ​វិស័យ​ប្រេង និង​បង្ខំ​ឲ្យ​ទីក្រុង​តេ​អេ​រ៉ង់​ មិន​ត្រឹម​តែ​បោះ​បង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​គាំទ្រ​របស់​ពួកគេ​លើ​ក្រុម​ជីវពល​​ក្នុង​ប្រទេស​ស៊ី​រី, យេម៉ែន និង​លី​បង់ ហើយ​នឹង​តំបន់​ជា​ច្រើន​ទៀត​នៅ​តំបន់​មជ្ឈិមបូព៌ា​ផង​ដែរ​។​ ទោះបីជា​យ៉ាងណាក៏ដោយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស់​សាន់ រូ​ហា​នី បាន​និយាយ​ថា អ៊ីរ៉ង់​នឹង​បន្ត​លក់​ប្រេង ថ្វីត្បិត​តែ​មាន​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​អាមេរិក​ក៏ដោយ​។

​សូម​បញ្ជាក់​ថា ទីក្រុង​វ៉ា​ស៊ីនតោន​បាន​សន្យា​ថា នឹង​បញ្ឈប់​ការទិញ​ប្រេង​ឆៅ​សកល​ទាំង​អស់ពី​អ៊ីរ៉ង់ ប៉ុន្តែ​ឥឡូវ​ពួកគេ​បាន​និយាយ​ថា ប្រទេស​ចំនួន​៨ រួមមាន​ចិន, ឥណ្ឌា, កូរ៉េខាងត្បូង, ជប៉ុន, អ៊ីតាលី, ក្រិ​ក, តៃវ៉ាន់ និង​ទួរគី អាច​បន្ត​នាំ​ចូល​ប្រេង​ ដោយ​មិន​ប្រឈមនឹង​ទណ្ឌកម្ម​ណាមួយ​នោះ​ទេ​៕
អត្ថបទ៖ សារ៉ាត់