ជាមួយនឹងបញ្ហារបស់ ទិតា មិនទាន់បានបញ្ចប់ និងដឹងខុសត្រូវយ៉ាងណាផង ស្រាប់តែចូលដល់ភាគ ៤៥ យើងឃើញថាតួអង្គ វេហា ចាប់ផ្តើមប្លែកៗម្នាក់ទៀត។


រឿង «ប៉ាពីរជើងល្អ» ដែលទទួលបានការពេញចិត្តពេញថ្លើម យ៉ាងពេញទំហឹងពីអ្នកទស្សនា ពីមួយភាគទៅមួយភាគចំណោទបញ្ហាចេះតែបន្តកើតជាបន្តបន្ទាប់ ដែលធ្វើអោយសាច់រឿងភាគមួយនេះកាន់តែល្អមើលថែមទៀត។


ក្រឡេកមកចាប់អារម្មណ៍ជាមួយតួអង្គប៉ាៗរបស់ កូនហង្ស គឺ វេហា និងវេយោ ពេលនេះពួកគេចាប់ផ្តើមមានរឿងទើសចិត្តគ្នាខ្លះៗហើយ។ ពិសេសពេល វេហា ចាប់ផ្តើមសម្ដែងអត្តចរិតថ្មីរបស់គេ បែបសោះអង្គើយដាក់ ខេមា និងកូនហង្ស ថែមទាំងទៅលួចទាក់ទងស្រីមកពីណា ដើម្បីមកបញ្ឃឺចិត្ត ខេមា និង វេយោ។




ជាក់ស្ដែង តាមរយៈវីដេអូឡាយយប់មិញនេះ ទស្សនានិកជនបានបញ្ចេញមតិមិនពេញចិត្តទៅលើអត្តចរិតថ្មីរបស់តួអង្គ វេហា ទាំងព្រងើយកន្តើយ ទាំងសោះអង្គើយ និងនិយាយលែងចុះសម្រុងជាមួយអ្នកជុំវិញខ្លួនដូចពីមុន បរិយាកាសគ្រួសារដ៏សែនកក់ក្តៅលែងមានទៀតហើយ។
រង់ចាំតាមដាននៅរាត្រីយប់នេះ រឿង «ប៉ាពីរជើងល្អ» ភាគទី ៤៦ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ក៏ដូចជាការឡាយក្នុងគណនីផេច Bayon Tv Drama រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ៨ ដល់ ៩យប់៕
អត្ថបទដោយ៖ Ha Ti