និយាយពីប្រជាប្រិយភាពតារាសម្តែងស្រី ចិនចិន និង យ៉ា សុផាន់ម៉ៃ សំលេងគាទ្រពីពុកម៉ែបងប្អូនមិនចាញ់គ្នាប៉ុន្មានទេ។ ពិសេស ជាតារាសម្តែងស្រីដែលមានវត្តមានញឹកញាប់នៅក្នុងរឿងភាគចាក់ផ្សាយនៅលើកញ្ចក់ ទូរទ្សន៍បាយ័ន ថែមទៀត។



មិនយូរទេ តារាសម្តែងទាំងពីរនឹងមានវត្តមានជាថ្មីម្ដងទៀតក្នុង រឿង «វាសនានាងហង្ស ២» នៅដើមខែក្រោនេះ។ ដូចដែលទស្សនិកជនមួយចំនួនបានដឹងហើយថា នេត្រា (ចិនចិន) និង ម៉ៃម៉ៃ ធ្លាប់បានប៉ះគ្នាម្ដងរួចមកហើយ កាលពីរឿង វាសនានាងហង្ស រដូលកាលទី១ ហើយក៏ជារឿងភាគដែលទទួលបានការពេញចិត្តយ៉ាងខ្លាំងក្លាពីអ្នកទស្សនាផងដែរ។


ត្រឡប់មកជាថ្មីលើកនេះ ធានាថាទស្សនិកជនត្រជាក់ចិត្តត្រជាក់បេះដូង ជាមួយទេពកោសល្យសម្តែងដ៏ប៉ិនប្រសព្វរបស់តារាស្រីទាំងពីររូបនេះ រួមជាមួយតួអង្គប្រុសសង្ហាលោក ជា លាងឈេ (តួអង្គ បេន), ម៉ី ច័ន្ទក្សត្រា (តួអង្គរិទិ្ធ) និងតារាសម្តែងវ័យក្មេងប្រុសស្រីច្រើនរូបទៀត។


កុំភ្លេចណា! បើចង់ដឹងថា រឿង «វាសនានាងហង្ស ២» មានរសជាតិជូរ ចត់ ប្រៃ ល្វីង និងហឹរកម្រិតណា រង់ចាំទស្សនាទាំងអស់គ្នា ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះហើយ៕





អត្ថបទដោយ៖ Ha Ti