សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួនជិត ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឆ្លើយតបនៅលើខ្ទង់ខមិន (Comment) ហ្វេសប៊ុកផ្លូវការថា “ច្បាស់ណាស់ចៅខ្ញុំជិត ១០ នាក់ដែលដល់អាយុចាក់ នឹងត្រូវចាក់មុនគេនៅព្រឹកថ្ងៃទី ១ ខែសីហាខែសីហាខាងមុខនេះ”។

យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ដល់១៧ ឆ្នាំ នឹងត្រូវចាប់ផ្ដើមនៅព្រឹកថ្ងៃទី១ខែ សីហាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្ដេចក៏នឹងធ្វើសន្និសីទការសែតផងដែរ នៅវិមានសន្តិភាព។


សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្មេង អាយុ ១២ ដល់ ១៧ ឆ្នាំ ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញមុនគេ នឹងបន្តពង្រីកទៅតាមបណ្ដារខេត្ត-ក្រុង។
សម្តេចតេជោ នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ក្រៅពីចៅរបស់សម្ដេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀត ផងដែរ៕


អត្ថបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti