Home ព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ បានប្រកាសជាសាធារណៈ គាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត តាមរយៈការបោះឆ្នោត។

ពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសូមថ្លែងអំណរគុណ ចំពោះការគាំទ្រទាំងឡាយ សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត ដែលសម្ដេចបានជ្រើសរើសដោយផ្ទាល់នោះ គឺឯកឧត្ដម ហ៊ុន ម៉ាណែត។ តែការជ្រើស​រើសនេះ មិនទាន់ដល់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសនោះទេ ដែលសម្ដេចតេជោ ចង់បញ្ជាក់ ដើម្បីជៀសវាងការភ័ន្ដច្រឡំណាមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការប្រើយុទ្ធសាស្រ្ដ «ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង»។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំប្រើយុទ្ធសាស្រ្ដ ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង មូលហេតុអី ថ្ងៃណាក៏គេផ្ទេរអំណាច ថ្ងៃណាក៏ផ្ទេរអំណាចៗ បើអញ្ចឹងមានតែវិធីមួយ​ គឺថា បញ្ចប់បញ្ហា គឺប្រកាសយកម្ដង ធម្មតាឪ ចង់ឲ្យកូនធ្វើធំហើយ មិនអត់ទេ បើមិនចង់ឲ្យកូនធ្វើធំ មានតែភូតខ្លួនឯងតែប៉ុណ្ណឹង និយាយឲ្យពិត ខ្លះថាទេ ខ្ញុំមិនចង់ឲ្យកូនខ្ញុំ ធ្វើធំទេ អាហ្នឹងភូតសុទ្ធ»។

ចំពោះប្រកាសបេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត មានទាំងអ្នកគាំទ្រ អ្នកមិនគាំទ្រ ហើយអ្នកចំអកក៏មាន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ប៉ុន្តែខ្ញុំសូមរំលឹកបន្តិចអំពីរឿងនេះ ខ្ញុំប្រើពាក្យថា ហ៊ុន ម៉ាណែត ជាបេក្ខជនមួយ ក្នុងចំណោមបេក្ខជនផ្សេងទៀត មានន័យថា មិនមែនមានតែ ហ៊ុន ម៉ាណែតមួយទេ ដែលជាបេក្ខជន ដែលមានន័យពីរបែប មួយន័យក្នុងគណបក្សប្រជាជនខ្លួនឯង ពីរន័យទូទៅដែលបណ្ដាបក្សនយោបាយ សុទ្ធតែមានសិទ្ធិដាក់បេក្ខភាពនាយករដ្ឋមន្ត្រី នេះជាន័យទីមួយ ន័យទីពីរ ត្រូវឆ្លងកាត់តាមរយៈនៃការបោះឆ្នោត ព្រោះនាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា បើមិនមែនសមាជិកសភា មិនអាចធ្វើបាននោះទេ»។

នៅក្នុងវេទិកាដដែលនេះសម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្ដេចធ្លាប់បានប្រកាសហើយថា នឹងបន្តកាន់តំណែង​​ជានាយករដ្ឋមន្ត្រី មិនកំណត់អាណត្តិនោះទេ ហើយបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបន្តរង់ចាំរហូតដល់សម្ដេចឈប់ធ្វើសិន ហើយថាបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោបានត្រៀមទុកចំនួន ៤រូបឯណោះ៕

អត្ថបទពី៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!

អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និង​តារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិតរឿង«សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)។

សម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមានអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅវេលាម៉ោង៦ នាល្ងាចថ្ងៃទី១៨ ខែមករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!

នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។

អីយ៉ាៗ! ស្រីស្រស់ប្រុសសង្ហា ព្រីន និងរចនា រ៉ាវ៉ាឌី ដឹកដៃគ្នាមកស្វីត ដល់កម្មវិធីតន្ត្រី ខារ៉ាបាវ

តួឯកប្រុសស្រីក្នុងរឿង «មេម៉ាយសម្បូរស្នេហ៍» លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ សប្តាហ៍នេះ។