សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ៦៦ឆ្នាំ ដែលប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)។

ទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារថា នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១នេះ ជាខួប ៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ ធ្នូ ២០២១)។ អង្គការ សហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិ ដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។


ជាមួយគ្នានេះ ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ។ ក្នុងនោះ កងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី។ល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕
អត្ថបទពី៖ KPT