fbpx
Home ព័ត៌មាន មកស្ដាប់អនុសាសន៍ និងការប្ដេជ្ញារបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតគណបក្ស​ប្រជាជនកម្ពុជា

មកស្ដាប់អនុសាសន៍ និងការប្ដេជ្ញារបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតគណបក្ស​ប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ ដោយមានរបៀបវារៈចំនួន៤។ ក្រៅពីការបោះឆ្នោតជ្រើសតាំងឥស្សរជនចំនួន២រូបជាអនុប្រធានគណបក្ស និងការបោះឆ្នោតផ្តល់ទំនុកចិត្តលើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនាពេលអនាគត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏បានផ្តល់អនុសាសន៏ និងធ្វើការប្តេជ្ញាមួយចំនួនផងដែរ។ នេះ បើតាមលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស។

លោក សួស យ៉ារ៉ា បានលើកឡើងថា មានអនុសាសន៏ជាច្រើនដែលសម្តេចតេជោ បានលើកឡើងនៅក្នុងសន្និបាតនោះ។ លោកថា ផ្អែកលើបទពិសោធន៍ដែលសម្តេច បានធ្វើជាអ្នកដឹកនាំរយៈពេលកន្លងមកនេះ សម្តេច បានផ្ដែផ្ដាំឲ្យថ្នាក់ដឹកនាំទាំងអស់នៅក្នុងគណបក្ស បន្តរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជូនជាតិ និងប្រជាជន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ អ្វីដែលសម្តេច បានមានប្រសាសន៏ ជាពិសេសទៀតនោះ គឺការការពារអាយុជីវិតប្រជាជនក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩  ដែលបានចំណាយធនធានដ៏ច្រើន ដើម្បីសង្គ្រោះជីវិតប្រជាជន។ ដូច្នេះ ការការពារជីវិតប្រជាជន គឺជាការងារបឋម ការងារអាទិភាពរបស់គណបក្សប្រជាជន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានធ្វើការប្ដេជ្ញាចិត្តជាមួយគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសេដ្ឋកិច្ច និងស្តាជីវភាពប្រជាជនឲ្យបានលឿន ក្រោយវិបត្តិកូវីដ១៩បានបញ្ចប់ទៅ។ ក្នុងនោះ នឹងខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លា ក្នុងការជំរុញសេដ្ឋកិច្ច និងស្តាសេដ្ឋកិច្ចឡើងវិញ។ សម្តេចថា ការជំរុញសេដ្ឋកិច្ចត្រូវការពេលវេលា ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺជារឿងសារៈសំខាន់។ សម្តេច ក៏បានដាក់ចេញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងលិទ្ធិប្រជាធិបតេយ្យ តាមរយៈការអនុវត្តឲ្យបានទៀងទាត់ នូវការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ក៏ដូចជាការបោះឆ្នោតសភាតំណាងរាស្ត្រ ជាបន្តបន្ទាប់នាពេលខាងមុខ។ ក្នុងនោះ សម្តេច ក៏បានប្ដេជ្ញាធានាឲ្យបានជោគជ័យនូវការបំពេញភារកិច្ចក្នុងឋានៈជាប្រទេសមួយ ដែលមានគុណតម្លៃនៅក្នុងអង្គការសហប្រជាជាតិ ឬនៅក្នុងតំបន់។

លោក សួស យ៉ារ៉ា បានលើកឡើងដែរថា អ្វីដែលកម្ពុជា ត្រូវបំពេញភារកិច្ចរបស់ខ្លួន មិនត្រឹមតែជំរុញការចាក់វ៉ាក់សាំងឲ្យបានដល់មហាជន និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែលោក ក៏បានប្តេជ្ញាពង្រឹងនូវតួនាទីរបស់កម្ពុជា ដើម្បីបំពេញភារកិច្ចនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។ លោកថា សម្រាប់នៅក្នុងតំបន់ កម្ពុជាបានធ្វើជាប្រធាននៅលើវេទិកាអន្តរជាតិជាបន្តបន្ទាប់ ទាំងឆ្នាំ២០២០ និង២០២១ ដោយមិនគិតពីការរីករាលដាលនៃជំងឺកូវីដ១៩ ហើយថែមទាំងប្តេជ្ញាធ្វើឲ្យទទួលបានជោគជ័យទៀតផង។ ជាពិសេស កិច្ចប្រជុំអាស៊ីអឺរ៉ុប ដែលកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយអ្វីដែលជាការបន្ត គឺកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាក្នុងឋានៈជាប្រធាន ចាប់ពីខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ ដែលនេះ គឺជាបេសកកម្មមួយដ៏សំខាន់របស់កម្ពុជា។

បើតាមលោកសួយ យ៉ារ៉ាដដែល សម្តេចតេជោ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ធ្វើយ៉ាងណាការពារបាននូវសន្តិសុខ ភូមិឃុំ មានសុវត្ថិភាព ទប់ស្កាត់ចលាចលផ្សេៗ ទប់ស្កាត់ចោរកម្ម ល្បែងស៊ីសង និងការរំខាននានា ដល់សន្តិសុខសង្គម៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា