មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្រោយពីបញ្ចប់សង្រ្គាម កងទ័ពបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ជាពិសេស គ្រោះមហន្តរាយ និងឆ្លងកាត់ការងារលំបាកជាច្រើន ។ ក្នុងនោះ មានដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ការរលំបាក់អាគារជាដើម ហើយចុងក្រោយនេះ គឺយុទ្ធនាការចាក់វ៉ាក់សាំងប្រជាជនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩។


សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជាមានមោទនភាព ដែលកងទ័ពរបស់កម្ពុជានាពេលកន្លងមក បានធ្វើកិច្ចការជាច្រើន ស្របជាមួយគោលនយោបាយខឿនការពារជាតិ។ សម្តេច ថា នៅពេលមានតម្រូវការ កងទ័ពបានចូលរួមនៅពេលប្រជាជនជួបការលំបាក កងទ័ពក៏បានចូលរួមជួយប្រជាជនបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ ចំណែក យុទ្ធនាការចាក់វ៉ាក់សាំង មួយចំណែកធំ គឺធ្វើដោយដោយគ្រូពេទ្យកងទ័ព ដែលកិច្ចការទាំងអស់នេះ មិនមែនងាយស្រួលទេ ជាពិសេស នៅពេលមានការបិទខ្ទប់ទីក្រុង បិទខ្ទប់នៅតំបន់មួយចំនួន ដែលចាំបាច់ប្រើប្រាស់កម្លាំងកងទ័ព ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅកាន់ទីកន្លែងដែលត្រូវសសង្គ្រោះ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើនូវការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយសម្តេចក៏បានផ្ញើនូវការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងធ្វើប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ នៅលីបង់ នៅអាហ្វ្រិកកណ្ដាល និងនៅម៉ាលីផងដែរ៕
អត្ថបទពី៖ KPT