សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលយកនូវការអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ តាមការស្នើសុំពីភាគីកូរ៉េខាងត្បូង។
ក្នុងពេលអនុញ្ញាតឱ្យលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ជួបសំដែងការគួរសម និងពិភាក្សាការងារតាមប្រព័ន្ធវីដេអូអនឡាញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១មករានេះ ក្រោយពីជំនួបបានបញ្ចប់ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងការពិភាក្សា ព្រឹកនេះគឺសំដៅលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េដោយសារសម្ដេចតេជោលោកជាសហប្រធាននៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េនេះ ។បើយោងតាមការគោរពអញ្ជើញសម្តេចទៅចូលរួមដោយផ្ទាល់នោះ សម្តេចតេជោ ក៏បានទទួលយកនូវការអញ្ជើញដើម្បីទៅចូលរួមដោយផ្ទាល់នៅថ្ងៃទី ១២-១៣ ខែកុម្ភៈខាងមុខនេះហើយ។
ក្នុងជំនួបតាមប្រព័ន្ធវីដេអូដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត យុន យ៉ុងហូ ក៏បានរាយការណ៍ថា៖នៅក្នុងគណៈកម្មការរៀបចំនេះក៏មានឯកឧត្តម បាន គីមមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិក៏ជាប្រធាននៃគណៈកម្មការនេះ។
លោកបណ្ឌិតបានរាយការណ៍ជូនសម្ដេចថា៖ នៅពេលនេះ អ្វីបានត្រៀមគ្រប់លក្ខណៈអស់ហើយដែលនឹងមានការចូលរួមជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និងមកពីជុំវិញពិភពលោក រួមទាំងថ្នាក់ដឹកនាំដែលកំពុងកាន់អំណាច និងអតីតជាមេដឹកនាំ ហើយក្រៅពីនោះ ក៏មានការចូលរួមពីបណ្ដាញប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនប្រមាណ ៣.៥០០ប្រព័ន្ធផ្សព្វផ្សាយដែលនឹងចូលរួមផ្សព្វផ្សាយនៅថ្ងៃប្រជុំនោះ។


នៅក្នុងឱកាសនៃកិច្ចប្រជុំនោះ អង្គការUPF ក៏បានត្រៀមមេដាយសន្តិភាពពិភពលោកសន្តិហៈ សម្រាប់ផ្តល់ជូនសម្តេចផងដែរ ហើយលោកបណ្ឌិតក៏បានរាយការណ៍ថា៖ អង្គការ UPF សូមវាយតម្លៃខ្ពស់អបអរសាទរសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលចូលកាន់ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ និង ស្វាគមន៍និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្ដេចទៅមីយ៉ាន់ម៉ាដោយចាត់ទុកថាជាទស្សនកិច្ចសន្តិភាព និងស្វាគមន៍ ជាពិសេសក្នុងការជំរុញធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់នៅប្រទេសមីយ៉ាន់ម៉ា រហូតដល់ចុងឆ្នាំ២០២២ ក៏ដូចជាការបើកផ្លូវរបស់មីយ៉ាន់ម៉ាឱ្យប្រេសិតពិសេសរបស់អាស៊ានមានលទ្ធភាពក្នុងការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកបណ្ឌិតចាត់ទុកថាសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជាជាប្រធានអាស៊ាននិងមីយ៉ាន់ម៉ានោះ ជាផ្លែផ្កាដ៏ជោគជ័យដែលអង្គការUPF ពិតជាអបអរសាទរអំពីសមិទ្ធផលនេះ។លើសពីនេះទៀតលោកបណ្ឌិត ក៏បានស្នើសុំសម្ដេចតេជោផងដែរពាក់ព័ន្ធនិងការរៀបចំសួនមេគង្គសន្តិភាពដែលជាគំនិតផ្ដួចផ្ដើមមួយសម្រាប់រៀបចំឱ្យមាននៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ សំដៅធ្វើយ៉ាងណាឲ្យទទួលគាំទ្រឲ្យតំបន់មេគង្គមានសន្តិភាព។
សម្ដេច បានឱ្យយោបល់មួយចំនួនក្នុងការជំរុញសន្តិភាពពិភពលោក ជាពិសេសនៅក្នុងឧបទ្វីបកូរ៉េនេះហើយក្នុងនេះសម្ដេចបានគូសបញ្ជាក់អំពីទស្សនទានរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវតែគាំទ្រនិងជំរុញ,ទី១.អាស៊ី ប៉ាស៊ីហ្វិកត្រូវតែមានគោលដៅគាំទ្រនូវសន្តិភាពនិងការអភិវឌ្ឍ,ទី២. មិនត្រូវប្រឆាំងនឹងក្រុមណាឬប្រទេសណាឡើយ។ទី៣.ត្រូវតែគាំទ្រមជ្ឈភាពអាស៊ាននិងគាំទ្រទស្សទានអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។
គួររំលឹកថា៖ កាលពីខែតុលាឆ្នាំ២០២១ លោកបណ្ឌិត យុន យ៉ុងហូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចម្តងរួចមកហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នាដើមឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ គឺមានសម្តេចជាសហប្រធាន ហើយនៅពេលនោះ លោកបណ្ឌិត បានគូសរំលេចពីសមិទ្ធផលនិងកិច្ចការមួយចំនួន ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោក្នុងការបញ្ចប់សង្គ្រាម ហើយកសាងនូវសុខសន្តិភាពសម្រាប់កម្ពុជា ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារភ្លើងសង្គ្រាមពីអតីតកាល។
លោកបណ្ឌិត ក៏បានលើកឡើងថា សម្តេចគឺជាមេដឹកនាំមានបេះដូងសន្តិភាពក្នុងខ្សែភ្នែករបស់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក៕
អត្ថបទពី៖ BTV