សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២នេះ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនលោក ផៃ ស៊ីផាន បានឲ្យដឹងថា គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ( Video Conference)។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្នុងសប្ដាហ៍នេះ ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មមាត្រា ១៤០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ។
២-សេចក្តីព្រាងច្បាប់ ស្តីពី សុវត្ថិភាពម្ហូបអាហារ។
៣-បញ្ហាផ្សេងៗ៕
អត្ថបទពីៈ KPT